(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់។
ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២ របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។
ព្រឹត្តិកាណ៍ខាងលើនេះ គឺជាការលើស្ទួយវិស័យវប្បធម៌ និងការចូលរួមចំណែកស្ដារឡើងវិញ នៃវិស័យទេសចរណ៍នៅតំបន់អង្គរ ក្រោយវិបត្តិកូវីដ-១៩។
កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត វេលាម៉ោង៥៖០០នាទីរសៀល ក្រោមអធិបតីភាពលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ សម្រាប់ការៀបចំព្រឹត្តិការណ៍វប្បធម៌នេះ បងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី៕