(ភ្នំពេញ)៖ នេះអាចជាករណីប្លន់មួយដែលស្ទើរតែមិនធ្លាប់មាន គឺមានក្រុមជនសង្ស័យបីនាក់ បានហៅម៉ូតូកង់បី ពីម្តុំវិមានឯករាជ្យ យកមកប្លន់នៅខាងក្រោយ វត្តសន្សំកុសល នាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានក្រុមជនសង្ស័យ០៣នាក់ បានហៅកង់បីរបស់គាត់ ជិះមកពីម្តុំវិមានឯករាជ្យ មកវត្តសន្សំកុសល លុះជិះមកដល់ក្រោយវត្តសន្សំកុសល ត្រង់ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលជាកន្លែងស្ងាត់ជនសង្ស័យទាំង៣នាក់ ក៏ធ្វើសកម្មភាពយកខ្សែរឹតកជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បីពីក្រោយ រួចយកកង់បីដែលប្លន់បាននោះ គេចខ្លួនដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍បឹងទំពុនទាំងស្តាយម៉ូតូកង់បី របស់គាត់តែប៉ុណ្ណោះ។
ចំពោះករណីខាងលើនេះ លោក ហ៊ួរ ម៉េងវាង អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា មិនមែនជាករណីប្លន់នោះទេ គឺជារឿងប្រឌិត ដែលជនរងគ្រោះបង្កើតឡើងដោយខ្លួនឯងប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ សមត្ថកិច្ចរបស់លោក បាននិងកំពុងសួរនាំបន្តទៀត៕