(ហ្សាការតា)៖ ទឹកជំនន់ និងការបាក់ដីនៅខេត្តជ្វា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សកើនឡើងដល់ ៣៥នាក់ហើយ ខណៈ២៥នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ព្រមទាំង១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានថ្លែងនៅថ្ងៃអាទិត្យនេះថា បេសកកម្មរបស់កងកម្លាំងសង្គ្រោះនៅពេលនេះ បានប្រើប្រាស់ម៉ាស៊ីនជីកកកាយ និងយន្តហោះបញ្ជាតេឡេ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ស្របពេលដែល ប្រជាជនក្នុងស្រុក ទីក្រុង និងខេត្តសរុប១៦ ត្រូវបានអាជ្ញាធរប្រាប់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែអាកាសធាតុនៅតែបន្តអាប់អួរ រហូតមកដល់ចុងសប្តាហ៍នេះ៕