(ព្រុចសែល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ មានការចាប់ខ្លួនមនុស្សជាបន្ដបន្ទាប់ នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមនុស្សទាំងអស់នោះប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូច្នេះការចាប់មនុស្សនេះ មិនខុសពីការអនុវត្តរបស់សម្ដេចទៅលើក្រុមដែលប៉ុងប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយកម្លាំងប្រដាប់អាវុធនោះទេ។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប ប្រមាណ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា)។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ហេតុអីបានជាប្រជាធិបតេយ្យចាក់ឫសតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២២? ហេតុអីបានអាល្លឺម៉ងត្រូវចាប់មនុស្សនេះ? កម្ពុជាច្បាស់ណាស់ពួកអ្នកឯងទៅរកចាប់ខ្ញុំថែមទៀត រឿងអីខ្ញុំមិនចាប់អ្នក។ អ្នកឯងដាក់ផែនការចូលស្រុក ដើម្បីបំផុសចាប់ ហ៊ុន សែន ផ្ដូលហ៊ុន សែន ដោយអាវុធ អញ្ចឹង ហ៊ុន សែន ចាប់អត់មានអីខុសទេ បើអាល្លឺម៉ងថាចាប់អត់ខុស ចឹង ហ៊ុន សែន ចាប់អត់ខុសទេ»

សម្រាប់កម្ពុជាវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា ក្រុមអគតិបានប៉ុនប៉ងធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ ដោយកំណត់ទាំងកាលបរិច្ឆេទដើម្បីផ្ដូលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ដែលពេលនោះហើយឈានដល់ការស្លាប់មនុស្ស ដូច្នេះហើយចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការលើក្រុមទាំងអស់នោះ។ ក្នុងន័យនេះ សម្ដេចបានសង្កត់ធ្ងន់ថា មិនអាចមានស្ដង់ដារពីរនោះទេ ពោល Only Single Standard។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការងឿងឆ្ងល់ដែរថា រយៈពេលដល់ពេលនេះ អាល្លឺម៉ងជាង៧០ឆ្នាំមកហើយ បែរជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បើមិនមានអ្វីប្រែលប្រួលទេនោះ សម្ដេចនឹងជួបទ្វេរភាគីជាមួយអធិការបតីអាល្លឺម៉ង ប៉ុន្ដែមិនមែនពិភាក្សាគ្នាលើករណីប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសប្រជាធិបតេយ្យ ចាក់ឫសមួយនេះឡើយ។ សម្ដេចថា ជំនួបនោះគឺផ្ដោតលើកិច្ចសហប្រតិប​ត្តិការ, បញ្ហាអាស៊ាន អឺរ៉ុប និងបញ្ហារុស្ស៉ី អ៊ុយក្រែនជាដើម។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធរបស់អាល្លឺម៉ង់ បានឲ្យដឹងថា សមាជិក និងអ្នកគាំទ្រសរុបចំនួន២៥នាក់ នៃក្រុមភេរវករស្តាំនិយម ត្រូវបានចាប់ខ្លួនកំលុងប្រតិបត្តិការនៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយជាប់សង្ស័យមានផែនការផ្តួលរំលំ​រដ្ឋអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ក្រុមជនសង្ស័យខាងលើ រងការចោទប្រកាន់ថា បានត្រៀមលក្ខណៈយ៉ាងហោចតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២១មក ដើម្បីធ្វើសកម្មភាព ដោយផ្អែកលើមនោគមវិជ្ជារបស់ពួកគេ។ សកម្មភាពទាំងនោះ រួមមានដូចជា ទិញសម្ភារ កែនសមាជិកថ្មីៗ និងហាត់សម​បាញ់កាំភ្លើង ជាដើម។ សម្រាប់កិច្ចប្រឹងប្រែងប្រមូលសមាជិក គឺជាផ្តោតជាចម្បងទៅលើមន្រ្តីយោធានិងប៉ូលិសអាល្លឺម៉ង់៕