(បែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចនៅទ្វីបអឺរ៉ុបលើកនេះ ជាការវ៉ៃដល់ផ្ទះរបស់ក្រុមប្រឆាំង ដែលសម្តេចទំនងជាសំដៅទៅ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំចង់មើល ថ្ងៃទី១៤នេះ វាមានប៉ុន្មានពិតប្រាកដ ហើយខ្ញុំសំណូមពរឱ្យអ្នកអំពាវនាវឱ្យធ្វើបាតុកម្ម ដឹកនាំបាតុកម្មផ្ទាល់ តើបានទេ ខ្ញុំវ៉ៃដល់ផ្ទះ ដូចនៅតុលាការបារាំងអញ្ចឹង»។

សម្តេចបានរំលឹកអំពីខ្លឹមសារនៃសេចក្តីសន្និដ្ឋានរបស់តុលាការទីក្រុងប៉ារីស ដែលបានសម្រេចថា សម្តេចមិនមែនជាអ្នកនៅពីក្រោយនៃការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ លោក សម រង្ស៉ី នោះឡើយ ហើយសម្រេចថា អ្វីដែលចោទប្រកាន់ដោយ សម រង្ស៉ី ជារឿងបរិហារកេរ្តិ៍។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់លើកនេះ សម្តេចមិនវ៉ៃដល់ផ្ទះទេ ប៉ុន្តែសម្តេចទៅដល់ជណ្តើរផ្ទះរបស់ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង និងធ្លាប់ចូលវិមានអេលីហ្សេ។ សម្តេចបានចោទសួរទៅ លោក សម រង្ស៉ីថា តើធ្លាប់ចូលកន្លែងទាំងនេះ និងស្គាល់ប្រធានាធិបតីបារាំង និងមេដឹកនាំដទៃទៀតច្បាស់ទេ៕