(ប៊ែលហ្សិក)៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជិត ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចចង់ឃើញវត្តមានទណ្ឌិត សម រង្ស៉ី មកដឹកនាំបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់នៅឯប្រទេសបារាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ចង់ដឹងដែរថាមានចំនួនប៉ុន្មាននាក់។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ ជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប។ កិច្ចសំណេះសំណាលនេះបានរៀបចំធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ជុំវិញចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វាមិនចម្លែកទេ ឱ្យតែគាំទ្ររាជរដ្ឋាភិបាល និងបក្សកាន់អំណាច គឺក្រុមប្រឆាំងតែងតែហៅថាជាអាយ៉ង។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរថា ត្រូវជឿលើនរណាដែលអាចជួយខ្លួនបាន ហេតុអ្វីត្រូវជឿលើមនុស្សជួយតែខ្លួនឯងមិនបានផងហ្នឹង? សម្តេចបានមានប្រសាសន៍ថា ចុងឆ្នាំ២០២២នេះ មានការងារយ៉ាងច្រើន ដែលតម្រូវឱ្យធ្វើដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់មើលថ្ងៃទី១៤ វាមានប្រមាណពិតប្រាកដ ហើយខ្ញុំសំណូមពរឱ្យមេអំពាវនាវឱ្យធ្វើបាតុកម្ម ដឹកនាំបាតុកម្មផ្ទាល់ តើបានទេ? ខ្ញុំវ៉ៃតាមដល់ផ្ទះ ដូចនៅតុលាការបារាំងអញ្ចឹង ការរៀបរាប់ហេតុការណ៍ គេនិយាយយ៉ាងច្បាស់ អំពីភាពគ្មានទាក់ទិនហ្នឹង ហ៊ុន សែន ទីបំផុតឯងអ្នកចាញ់ក្តីវិញ វានិយាយទៅបានថាឈ្នះក្នុងស្ថានភាពចាញ់ទៅវិញ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤ ខែធ្នូ មានមនុស្សប៉ុន្មាននាក់ មកធ្វើបាតុកម្មប្រឆាំងសម្តេច តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយសម្តេចក៏ចង់ឃើញមុខអ្នកប្រកូកប្រកាសឱ្យអ្នកនៅអឺរ៉ុបប្រឆាំងសម្តេច ក្លាហានចេញមុខដឹកនាំបាតុកម្មដោយផ្ទាល់។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលកំពុងរស់នៅប្រទេសបារាំងថា ធ្លាប់ចូលវិមានអេលីហ្សេ ដូចសម្តេចដែរទេ?។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងនិស្សិត ដែលបានចេញសារស្វាគមន៍ដំណើរសម្តេចនៅព្រុចសែល ដែលបានបង្ហាញពីការស្រឡាញ់ចំពោះវត្តមានរបស់សម្តេចលើទឹកដីទ្វីបអឺរ៉ុប៕