(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាដ៏ស្មុគស្មាញរបស់មីយ៉ាន់ម៉ា ត្រូវការពេលយ៉ាងតិច ៥ឆ្នាំទៀតឯណោះ​ ដើម្បីដោះស្រាយ។

ថ្លែងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅអឹរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា បេសកជនពិសេសរបស់ប្រធានអា​ស៊ាន ឆ្នាំ២០២២ នឹងមិនទៅធ្វើទស្សនកិច្ចលើកទី៣ នៅមីយ៉ាន់ម៉ា ទៀតនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំអាចនឹងទាយបានថា មីយ៉ាន់ម៉ា តិចបំផុត ៥ឆ្នាំទៀត។ អ្នកណាជើងខ្លាំង ទៅដោះទៅ។ បេសកជនប្រធានអាស៊ាន មិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ា តទៅទៀតទេ»

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងចាប់តាំងពីទទួលបានញញួរអាស៊ានកាលពីដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ។​

របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសពីការដោះលែងអ្នកទោសជាង ៦,០០០នាក់ ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិរបស់ខ្លួន។

ការដោះលែងអ្នកទោសទ្រង់ទ្រាយធំរបស់របបយោធាមីយ៉ាន់ម៉ានាពេលនេះ ត្រូវបានគេចាត់ទុកថា គឺជាការវិវឌ្ឍជាវិជ្ជមានមួយ ដើម្បីឈានទៅរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដែលជាក្តីសង្ឃឹមក្នុងការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានឡើងវិញ។

បេសកជនពិសេសរបស់ប្រធានអាស៊ាន ក៏បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះ ថាជាកាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា៕