(បែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចមកអឺរ៉ុបនេះ មិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីនរណាត្រឡប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាននិយាយហើយ ខ្ញុំមិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់ អ្នកឯងចង់ឱ្យៗ រកស៊ីជាមួយគ្នារកស៊ី»។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ ក្នុងការដក EBA ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើកផលិតផល ៤០មុខ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅឆ្នាំ២០២២នេះ ការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប មានការកើនឡើងគួរឱ្យកត់សម្គាល់។ សម្តេចបានបញ្ជាក់ថា ឥឡូវការនាំចេញទៅអឺរ៉ុប កើនដល់១៨ភាគរយ ស្មើនឹងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅអាមេរិក ក៏កើនឡើងដែរ៕