(ប៊ែលហ្សិក)៖ ថ្លែងចេញពីទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការយកឈ្នះនូវជំងឺកូវីដ-១៩ បានធ្វើឲ្យប្រទេសកម្ពុជា អាចរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយផ្ទាល់ ក្រោយខកខានអស់រយៈពេល២ឆ្នាំ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ ជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប។ កិច្ចសំណេះសំណាលនេះ បានរៀបចំធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិនជាមួយនឹងបញ្ហាកូវីដ-១៩ ការគ្រប់គ្រងបានកូវីដ-១៩ បានបើកឱកាសឲ្យយើងប្រជុំអាស៊ានឆ្នាំនេះ ប្រជុំទល់មុខគ្នា បន្ទាប់ពីអាកខានរយៈពេល២ឆ្នាំ [...] ឆ្នាំ២០២០ វៀតណាមធ្វើប្រធាន និងឆ្នាំ២០២១ ព្រុយណេធ្វើប្រធាន គឺប្រជុំតាមអនឡាញទាំងអស់»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែនៅក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចគ្រប់គ្រងបាននូវកូវីដ-១៩ និងប្រទេសដទៃ ក៏អាចគ្រប់គ្រងបាននូវកូវីដ-១៩ ធ្វើឲ្យកម្ពុជាអាចបើកឱកាស ឲ្យមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយផ្ទាល់បាន នៅទីក្រុងភ្នំពេញ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២នេះ គឺកម្ពុជាធ្វើបានច្រើន ជាពិសេសមេដឹកនាំ នៃប្រទេសនីមួយៗ ក៏បានមកចូលរួមនៅកម្ពុជា ដោយផ្ទាល់ផងដែរ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ការសែលហ្វ៊ីរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងពលរដ្ឋខ្មែរ ពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការបង្ហាញនូវទំនុកចិត្ត លើសុវត្ថិភាពផ្នែកសន្តិសុខ និងជំងឺកូវីដ១៩។
គូសបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖
* កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥
* កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥
* កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០
* កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២
* កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧៕