(បែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅ លោក ស៊ន តារា សមាជិកសកម្មមួយរបស់ក្រុមប្រឆាំង ឱ្យល្មមធ្វើអ្នកចេះអ្នកដឹងខ្លះ ដោយកុំវិភាគខុសខ្លាំងពេក។

ការណែនាំទៅកាន់សមាជិកក្រុមប្រឆាំងមួយនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា លោក ស៊ន តារា វិភាគខុសឆ្គងជាច្រើនរឿងកន្លងមក ក្នុងនោះមានរឿងសម្តេចមិនបានចូលរួមប្រជុំ G20 នៅឥណ្ឌូនេស៊ីកន្លងទៅ ដោយសារតែមានវិជ្ជមានកូវីដ១៩ និងរឿងមិនប្រារព្ធបុណ្យអុំទូកកន្លងទៅជាដើម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «អាក្មួយ ស៊ន តារា អើយ ! ហ្អែងល្មមធ្វើអ្នកចេះអ្នកដឹងខ្លះទៅ ដល់អញ្ចឹងៗពេក ហ្អែងយ៉ាប់ណាស់»

សម្តេចបានលើកឡើងថា មនុស្សភាគច្រើនបានមើលទៅ លោក ស៊ន តារា ជាមនុស្សគ្មានបានការណ៍។ ប៉ុន្តែសម្តេចមិនបានប្រើប្រាស់ពាក្យអសុរសចំពោះ លោក ស៊ន តារា នោះទេដោយសារតែ លោក ស៊ន តារា ក៏មិនបានប្រើប្រាស់ពាក្យអសុរសចំពោះសម្តេច ដូចលោក គឹម សុខ នោះឡើយ។

សម្តេចបានរំលឹកអំពីពាក្យសម្តីមិនសមរម្យរបស់ លោក គឹម សុខ កាលនៅជាយុវជនគណបក្សនរោត្តម រណឫទ្ធិ។ សម្តេចបានចាត់ទុកថា មូលហេតុនេះហើយ ដែលធ្វើឱ្យគណបក្សនោះរលំរលាយ ដោយសារតែមានសមាជិកបែបនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅ លោក ស៊ន តារា ផងដែរថា កុំឱ្យយកត្រកូល ហ៊ុន ធ្វើជាសត្រូវ ដោយសារតែត្រកូល ហ៊ុន មានបញ្ញវ័ន្តច្រើនណាស់ និងមានចំនួនច្រើនផងដែរ។

«ដាក់ចេញគោលដៅកម្ចាត់ត្រកូលហ៊ុន គឺខុសឆ្គងខាងយុទ្ធសាស្ត្រហើយក្មួយ បើអ្នកឯងកម្ចាត់គណបក្សប្រជាជនបាន ទើបអ្នកឯងជីកឫសគល់ត្រកូលហ៊ុនបាន ហើយកុំស្រមើលស្រមៃថា នៅជួរគណបក្សប្រជាជនមកគាស់រំលើកត្រកូលហ៊ុន ចេញនោះ គេមិនល្ងង់រហូតដល់សម្លាប់ខ្លួន ដូចក្រុមអ្នកឯងទេ»។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ។

សម្តេចបានបន្តថា៖ «កុំស្រមើលស្រមៃថា ស ខេង នឹងដណ្តើមយកអំណាចពី ហ៊ុន សែន កុំសង្ឃឹម ឥឡូវស ខេង​ កំពុងធ្វើនាយករដ្ឋមន្ត្រីស្តីទី​ ហើយកុំចេះតែថា ហ៊ុន សែន មកហ្នឹងអត់ផ្ទេរអំណាចឱ្យស ខេង»

សម្តេចបានចាត់ទុកថា អ្នកទាំងនោះមិនទាន់ចេះធ្វើការងាររដ្ឋ ខណៈសម្តេចបានចេញសេចក្តីសម្រេចបែងចែកតួនាទី និងការទទួលខុសត្រូវជូនឧបនាយករដ្ឋមន្ត្រីទាំងអស់ តាំងពីដើមអាណត្តិម្ល៉េះ ដោយក្នុងនោះ សម្តេចក្រឡាហោម ស ខេង ជានាយករដ្ឋមន្ត្រីស្តីទី ពេលអវត្តមានសម្តេចនៅក្នុងប្រទេស៕