(បែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុន។ សម្តេចបានលើកឡើងថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីសម្តេចបានផង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ពួកអ្នកដទៃនោះ គេគិតពីអី គេចង់បានអ្វីពីយើងពិតប្រាកដ។ តើត្រូវកម្ចាត់ត្រកូល ហ៊ុន ឱ្យទាល់តែបានទើបអ្នកឯងសប្បាយចិត្តឬ? ចាំទៅ ! ៥០០ជាតិទៀត អ្នកឯងមិនទាន់ធ្វើអីខ្ញុំបានទេ ប្រាប់ឱ្យហើយ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកដែលដាក់ចេញគោលនយោបាយកម្ចាត់ត្រកូលហ៊ុន ដោយសារតែគ្មានលទ្ធភាពក្នុងការតតាំងជាមួយសម្តេច។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន មិនចាត់ទុកថា អ្នកដែលវាយប្រហារលើត្រកូលហ៊ុនបែបនេះ ជាមនុស្សល្ងង់នោះទេ ប៉ុន្តែគេអាចបន្តឆ្លាតបែបនេះបន្តទៀតបាន។

ទោះបីជានិយាយមិនចំឈ្មោះ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ទំនងជាចង់សំដៅទៅ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ដែលរត់គេចខ្លួននៅក្រៅប្រទេស ដែលបន្តវាយប្រហារលើ លោក ហ៊ុន ម៉ាណែត និងកូនរបស់សម្តេចផ្សេងទៀត បន្ទាប់ពីសម្តេចបានរៀបចំយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា៕