(ប៊ែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ រស់នៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានរំលឹករឿងដែលសម្តេចធ្វើការទស្សន៍ទាយថា ក្រុមបាល់ទាត់បារាំង ដែលមានឱកាសច្រើនឈ្នះពាន World Cup 2022 ។

សម្តេចបញ្ជាក់ថា ការហ៊ានទស្សន៍ទាយបែបនេះ ដោយសារតែមើលនូវបច្ចេកទេស លេងបាល់របស់ក្រុមបារាំង។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានផ្តាំផ្ញើដល់បងប្អូនកុំជឿជាក់ពេក ព្រោះតែបាល់មូល ក្រុមខ្លាំងដែលធ្លាប់លើកពាន World Cup ក៏បានចេញត្រឡប់ទៅផ្ទះវិញផងដែរ រួមមាន ប្រេស៊ីល អាល្លឺម៉ង់ អេស្ប៉ាញ ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឆ្លើយតបនឹងអ្នក Comments ក្នុងហ្វេសប៊ុកដែលសួរថា នរណាលើកពាន World Cup ថាបាល់មូល និងប្រាប់ថា បើតាមការពិនិត្យបារាំង មានឱកាសច្រើន ស្រាប់តែព័ត៌មានតាម Online នានាគេយកទៅផ្សាយភ្លាម ប៉ុន្តែសុំកុំជឿខ្ញុំពេក ខ្ញុំគ្រាន់តែមើលបច្ចេកទេស នៃការទាត់តែប៉ុណ្ណោះ ប៉ុន្តែបាល់វាមូល»

សូមជម្រាបថា រហូតមកពេលនេះ​ ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក។

ប្រទេសបារាំង បានឡើងមកវគ្គកណ្តាល ផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិបារាំង ត្រូវប្រកួតជាមួយ ម៉ារ៉ុក និងក្រុមអាហ្សង់ទីន ត្រូវប្រកួតជាមួយក្រូអាត ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕