(ប៊ែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថាជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សតិសម្បជញ្ជៈ ឬបំពានសិទ្ធិពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ប្រហែលជាភាសា(ទិញដូរ ឬជួល) នេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បញ្ញៈ ឬសម្រាប់សិទ្ធិពលរដ្ឋ»។
សម្តេចបានបន្តថា៖ «ការជួបជុំបែបនេះ អត់មានការរៀបចំទេ អ្នកចង់មកក៏មក អ្នកមិនចង់មកគឺជាសិទ្ធិ ខ្ញុំមិននឹកស្មានថា អ្នកដែលមករស់នៅក្នុងទឹកដីប្រជាធិតេយ្យ បែរជាប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជាទម្លាប់របស់ពួកគេទេ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។
ទន្ទឹមនឹងការបកស្រាយនេះ សម្តេចក៏ចង់ដឹងដែរចំពោះអ្វីដែលហៅថា គម្រោងបាតុកម្មប្រឆាំងសម្តេច ដែលក្រុមប្រឆាំងបានរៀបចំ។ សម្តេចតេជោ ចង់ឱ្យអ្នកដែលប្រកូកប្រកាសអំពីការរៀបចំគម្រោងបាតុកម្មនេះ ចេញមុខដឹកនាំធ្វើបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់ខ្លួនផងដែរ៕