(ភ្នំពេញ)៖ លោក គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ​ សហភាព​សហព័ន្ធយុវជនកម្ពុជា​ បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រគល់ជូន តាមរយៈលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់បណ្ណាល័យ​កំពង់ស្ពឺ និងសិស្សមានជីវភាពលំបាក​ ក្នុងខេត្ត​កំពង់ស្ពឺ។

ពិធីប្រគល់ទទួល បាន​ប្រព្រឹត្តទៅក្រោមអធីបតីភាពលោក សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្ត​ និងជាប្រធាន​ ស.ស.យ.ក.​ ខេត្តកំពង់ស្ពឺ​ លោកស្រី សេង​ សុមេត្តា​ អនុប្រធាន​ក្រុមការងារ​ ស.ស.យ.ក.​ បម្រេីការនៅទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ​ ក្រុមការងារ​ ស.ស.យ.ក.​ ព្រមទាំងលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សជាច្រេីនទៀត។ អំណោយដែលធ្វើការប្រគល់នាឱកាសនេះ​រួមមាន៖ កុំព្យូទ័រលើតុចំនួន ៨គ្រឿង ម៉ាស៊ីនព្រីនធ័រ/ស្កេន័រ ៤គ្រឿង និងកង់ចំនួន ១០០គ្រឿង។

លោក គង់ ច័ន្ទវាសនា បានថ្លែងថា អំណោយដែលប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាសរបស់លោក ហ៊ុន ម៉ានី ដល់លោកក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយៈពេលខ្លីនៅប្រទេសចិន​ កាលពីចុងឆ្នាំ២០២១កន្លងទៅ។ នៅទីនោះ​ លោកបានសិក្សាស្វែងយល់ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយភាគីចិន។​

ក្រោយត្រឡប់មកកម្ពុជាវិញ​ លោកបានបន្តទំនាក់ទំនងល្អជាមួយស្ថានទូតចិននៅកម្ពុជា​ រហូត​ដល់ទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ​ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ​ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។

លោកបានបន្តទៀតថា ជានិច្ចជាកាល លោក ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម​ និងមនុស្សធម៌​ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព, លោក សំ រិទ្ធី អ្នកតំណាងរាស្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិន ជាពិសេសឯកឧត្តម គង់ ច័ន្ទវាសនា ដែលបានសម្របសម្រួលក្នុងការបញ្ជូនអំណោយ ដែលមានសារៈសំខាន់សម្រាប់វិស័យអប់រំ និងបានជួយសម្រាលការលំបាកដល់ប្អូនៗសិស្សានុសិស្សដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន។

លោកសង្ឃឹមយ៉ាងមុតមាំថា ភាគីចិននឹងបន្តការឧបត្ថម្ភដល់ខេត្តកំពង់ស្ពឺរបស់យើងជាបន្តបន្ទាប់ទៀត៕