(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានថ្លែងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត ដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។

លោកបានបន្ដថា ឆ្នាំនេះសម្រាប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ មានពានរង្វាន់ធំចំនួន៣ និងរង្វាន់លើកទឹកចិត្តចំនួន៥ផ្សេងទៀតរួមមាន៖

១៖ ពានរង្វាន់មាស នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់១២លានរៀល ឧបត្ថម្ភដោយរោងភាពយន្ត មេជើ ស៊ីណេផ្លិច។
២៖ ពានរង្វាន់ប្រាក់ នឹងទទួលបានពានប្រាក់មួយ អមដោយសាច់ប្រាក់៨លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន។
៣៖ ពានរង្វាន់សំរឹទ្ធ នឹងទទួលបានពានសំរឹទ្ធមួយ អមដោយសាច់ប្រាក់៤លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន វេសថេច មេឌា។

លោកបានបន្ដថា ក្នុងនោះក៏មានពានរង្វាន់លើកទឹកចិត្តផងដែររួមមាន៖

១៖ ពានរង្វាន់ទស្សនិកជន នឹងទទួលបានពានមួយ អមដោយកាម៉េរ៉ាឌីជីថល មួយគ្រឿង ឧបត្ថម្ភដោយ ផលិតកម្ម រាម។
២៖ ពានរង្វាន់ពិសេសរបស់មេប្រយោគ នឹងទទួលបានពានមួយ អមដោយទឹកប្រាក់៣លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត លេជេន ស៊ីណេម៉ា។
៣៖ ពានរង្វាន់អត្ថបទនិពន្ធល្អ នឹងទទួលបានពានមួយ អមដោយទឹកប្រាក់២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនមេឌាឡូត។
៤៖ ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង នឹងទទួលបានពានមួយ អមដោយទឹកប្រាក់២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ត្រីមូលៀ។
៥៖ ពានរង្វាន់បច្ចេកទេសល្អ នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល។

លោកបានបន្ដថា គណៈកម្មការរៀបចំមហោស្រព បានទទួលស្នាដៃភាពយន្តខ្នាតខ្លី សុំចូលប្រកួតប្រជែងចំនួន៣៥ស្នាដៃ ក្នុងនោះ៤ស្នាដៃ ជាស្នាដៃរបស់សិក្ខាកាមចូលរួម វគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តខ្នាតខ្លី រៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្តុះបណ្តាលដោយលោក Deependra Gauchan។

ស្នាដៃភាពយន្តខ្នាតខ្លីទាំង៣៥ចំណងជើង ដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ទីតាំង ក្នុងរាជធានីភ្នំពេញរួមមាន៖ Major Cineplex សាខា Aeon, Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោងភាពយន្ត Prime សាខា Samai Square , Prime សាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង វិទ្យាស្ថានភាសាបារាំង។

លោកបានបញ្ជាកថា ភាពយន្តខ្នាតខ្លីទាំង៣៥ស្នាដៃនេះ នឹងអនុញ្ញាតឲ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃ ដែលខ្លួនពេញចិត្តផងដែរ ចំពោះកម្មវិធីបញ្ចាំងមានផ្សព្វផ្សាយ តាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោស្រពផងដែរ។

លើសពីនេះក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីប្រកួតប្រជែងទាំង៣៥ស្នាដៃ មហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃ ភាពយន្តឯកសារខ្លីចំនួន៣៣ស្នាដៃ ដែលបង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅ តាមដងទន្លេមេគង្គ កម្ពុជា។ ភាពយន្តឯកសារខ្លីទាំងនេះ ផលិតដោយសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលជំនាញ ផលិតភាពយន្តឯកសារ រៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ជាណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឯក ប៊ុនថា អគ្គនាយករង អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញគំនិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។

លោកបានបន្ដថា ឆ្លងតាមរបាយការណ៍សង្ខេប របស់លោកប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ កត់សម្គាល់ឃើញនូវសន្ទុះ នៃការគាំទ្រ និងកិច្ចសហការគ្នា មានភាពល្អប្រសើរ និងជិតស្និតគួរឲ្យកោតសរសើរ រវាងគ្រប់ដៃគូពាក់ព័ន្ធនានា ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍មហោស្រពនាឆ្នាំនេះ។

លោកបានបញ្ជាក់ថា «ខ្ញុំមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំមហោស្រព ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ជំនាញសរសេអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង និងជំនាញថតភាពយន្ត ក្នុងរយៈពេលជាង៣ខែកន្លងមកនេះ ដែលបានផ្តល់នូវឪកាស និងចំណេះដឹងជាមូលដ្នានបន្ថែមទៀត លើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត ដល់យុវផលិតករវ័យរបស់យើង ហើយសកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យមានការរីកចំរើនប្រកបដោយចីរភាព ទៅថ្ងៃអនាគត»