(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក» ជូនថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន៨ ដែលត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលនៃក្រសួងចំនួន៨ រួមមាន៖
ទី១៖ ក្រសួងសុខាភិបាល
ទី២៖ ក្រសួងផែនការ
ទី៣៖ ក្រសួងអប់រំ យុជន និងកីឡា
ទី៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទី៥៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ទី៦៖ ក្រសួងយុត្តិធម៌
ទី៧៖ ក្រសួងមុខងារសាធារណៈ
និងទី៨៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃនីតិវិធីថ្មីនេះ ដែលនឹងជួយបង្កើនល្បឿនបន្ថែមមួយកម្រិតទៀត ក្នុងការអនុវត្តនីតិវិធីចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក ដែលបច្ចុប្បន្នត្រូវចំណាយពេលវេលា និងធនធានច្រើន ក្នុងការអនុវត្តនីតិវិធីនេះ ជាពិសេសដំណើរការបញ្ជូនឯកសារជាក្រដាស ចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ វត្តមាននៃប្រព័ន្ធ FMIS នៅក្នុងកម្មវីធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការកែប្រែរបៀបធ្វើការងារ ទាំងការគ្រប់គ្រង និងកត់ត្រាព័ត៌មានហិរញ្ញវត្ថុដោយដៃ មកជាការកត់ត្រា និងគ្រប់គ្រងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ ដោយប្រព័ន្ធបានជួយដោះស្រាយនូវភាពស្មុគស្មាញមួយចំនួន នៃការអនុវត្តនីតិវិធីអនុវត្តការងារ និងការគ្រប់គ្រងទិន្នន័យដែលមានភាពច្បាស់លាស់ និងចំណេញពេលវេលាច្រើន។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ផងដែរថា សម្រាប់ការត្រៀមអនុវត្តនីតិវីធីថ្មីសម្រាប់ក្រសួងទាំង៨, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដាក់ឱ្យអនុវត្តជាជំហានៗ សម្រាប់ឆ្នាំ២០២៣នេះ ដោយជំហានដំបូងដាក់ឱ្យអនុវត្តនៅការដ្ឋាន ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ស្រាប់ ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ហើយជំហានបន្ទាប់ នឹងដាក់ឱ្យអនុវត្តនៅតាមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញនៅថ្នាក់កណ្តាលនៃក្រសួងទាំង៨ ដែលជាការដ្ឋានមិនទាន់ប្រើប្រាស់ប្រព័ន្ធ FMIS ដោយអ្នកប្រើប្រាស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ជាមួយសិន។
គួរជម្រាបជូនផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តមុនគេជាគំរូ ចាប់តាំងពីឆ្នាំ២០២០ ទៅលើចំណាយទូទាត់បៀវត្ស និងចំណាយដែលមានគោលរបបកំណត់ច្បាស់លាស់ដូចជា ទឹក ភ្លើង សោហ៊ុយប្រៃសណីយ៍ ទូរគមនាគមន៍ជាដើម និង បន្ទាប់មកក៏មានការចូលរួមអនុវត្តជាបន្តបន្ទាប់ពី ក្រសួង-ស្ថាប័នស្ទើរតែទាំងអស់នៅថ្នាក់ជាតិ ដែលរួមមាន៣៤ ក្រសួង-ស្ថាប័ន។ ថ្មីៗនេះផងដែរ នីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តគ្រប់មុខសញ្ញា ត្រូវបានប្រកាសដាក់អនុវត្ត នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២៕