(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។

ជំនួបសំណេះសំណាលនេះនឹងធ្វើឡើងនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ១០យប់ (ម៉ោងនៅកម្ពុជា)។

សម្តេចតេជោ ហ៊ុន សែន រាល់ពេលដំណើរអញ្ជើញចេញទៅក្រៅប្រទេស ជាពិសេសនៅអឺរ៉ុប និងអាមេរិក ទោះបីមមាញឹកនឹងការងារយ៉ាងណាក្តី ក៏សម្តេចតែងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ។ ជំនួបនេះបានបង្ហាញ និងស្តែងឱ្យឃើញពីការនឹករលឹក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋឃ្លាតឆ្ងាយស្រុក ដែលខ្លះឃ្លាតតាំងពីសម័យសង្គ្រាម និងខ្លះទៀតឃ្លាតព្រោះបុព្វហេតុជីវិត។

ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងប្រជាពលរដ្ឋនៅក្រៅស្រុក ក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្រៅស្រុក ដើម្បីឱ្យពួកគេបានជ្រូតជ្រាបពីបញ្ហាស្រុកទេសរបស់ខ្លួន។ ជាពិសេសតាមរយៈជំនួបនេះ ក៏ជាការទាញភ្ជាប់ប្រជាពលរដ្ឋដែលរស់នៅឆ្ងាយស្រុក បានផ្សារភ្ជាប់ជាមួយប្រទេសកំណើតខ្លួន ហើយអាចនឹងចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ប្រទេសកំណើតខ្លួនផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រុចសែល នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)។

វត្តមានរបស់សម្តេចតេជោ ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ និងប្រកបដោយក្តីនឹករលឹកជាទីបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប៕