(ព្រះសីហនុ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់សិលា ដឹកនាំដោយលោក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្រ្កាប ករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ភូមិ ចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ឡុង គឹមហួរ បានបញ្ជាក់ថា ប្រតិបត្តិការដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ បានចាប់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំ៦៨កញ្ចប់ ម៉ូតូ៤គ្រឿង ទូរស័ព្ទដៃ៥គ្រឿង គ្រឿងអលង្ការ ឧបករណ៍សម្រាប់ជក់ និងលុយមួយចំនួនទៀតផងដែរ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ឃឹម តូរ៉ា ភេទប្រុស អាយុ ៣០ឆាំ្ន មុខរបរជាងដែក រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ទី២ ឈ្មោះ លឹម ដែត ភេទប្រុស អាយុ ២៥ឆាំ្ន មុខរបរ ជាងឡាន រស់នៅ ភូមិបុរីកម្មករ សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៣ឈ្មោះ ង៉ែត ចាន់ធី ហៅ ខ្លី ភេទប្រុស អាយុ ៣០ឆាំ្ន មុខរបរ ជាងដែក រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ទី៤ឈ្មោះ យេស ម៉ាត់ ភេទប្រុស អាយុ ៣១ឆាំ្ន មុខរបរ ធ្វើស្រែ រស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី៥ឈ្មោះ ឈន ស្រីទី ភេទស្រី អាយុ ៣៤ឆាំ្ន មុខរបរ បុគ្គលិករ៉ូលីន រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកបានបន្តទៀតថា ក្រោយទទួលបានព័ត៌មានសំងាត់ស្តីពីករណីជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការ បានចុះទៅស្រាវជ្រាវ រហូតចុះបង្ក្រាបជាក់ស្តែងតែម្តង។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍មេបញ្ជាការ ធ្លាប់បានបញ្ជាក់ថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លើបញ្ហាគ្រឿងញៀននេះ កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីតាមបង្ក្រាបមេរោគសង្គមមួយនេះ។