(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស បានផ្ញើសារថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ លោក លោកស្រី និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ដែលបានបាត់ឱពុកក្មេង គឺមហាឧបាសក ឈុន ងាម។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តក្រចេះ, ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងលោកជំទាវ។

ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង ព្រមទាំងគណៈប្រតិភូមកពីបណ្តាស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងអាកាស រួមទាំងក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសូត្រនិគម ខេត្តសៀមរាប និងក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានសម្ដែងមនោសញ្ចេតនារំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារបស់ខ្ញុំបាទ ចំពោះមហាឧបាសក ឈុន ងាម ដែលត្រូវជាបិតាក្មេក បិតា ជីតាជីតាទួត ដែលបានទទួលមរណភាពនៅវេលាម៉ោង១២៖៤២នាទី យប់ថៃ្ងព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ តាមរយៈសាររំលែកទុក្ខ និងចាត់តាំងគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធ»

លោក និងក្រុមគ្រួសារ សូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា គណៈប្រតិភូទាំងអស់ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិ មិត្ត ជិតឆ្ងាយ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយើងខ្ញុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។ សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត និងឯកឧត្តម នាយឧត្តមសេនីយ៍ គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារទាំងអស់គ្នាដែលធ្វើឱ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ល្អថ្លៃថ្លា ឧត្តុង្គឧត្តម របស់ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត និងឯកឧត្តម នាយឧត្តមសេនីយ៍បានឡើយ។

គួរជម្រាបថា មហាឧបាសក ឈុន ងាម ដែលត្រូវជាឪពុកក្មេក បានទទួលមរណភាព នៅវេលាម៉ោង១២៖៤២យប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ៕