(ភ្នំពេញ)៖ មន្រ្តីបក្សប្រឆាំងមួយរូបដែលដឹងរឿងផ្ទៃក្នុងបានទម្លាយរឿងពិតឲ្យដឹងនៅថ្ងៃអាទិត្យទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះថា មានមន្ត្រីជាន់ខ្ពស់មួយរូបកូតា សម រង្ស៊ី បានពិភាក្សាផ្ទៃក្នុងថា ទោះបីជាមានការចាប់ខ្លួន កឹម សុខា ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងាររបស់គណបក្សសង្គ្រោះជាតិឡើយ។
ក្រុមមន្ត្រីកូតា សម រង្ស៊ី ដដែលបានស្នើដល់ថ្នាក់ដឹកនាំក្នុងគណបក្សសង្គ្រោះជាតិ ឲ្យឈប់បន្តបង្កើតក្រុមការងារដាក់វេនយាមគ្នា កឹម សុខា តទៅទៀត ពីព្រោះបើម្នាក់ៗរវល់តែមកយាមបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការងារមូលដ្ឋាន និងប៉ះពាល់ហិរញ្ញវត្ថុគណបក្ស។
មន្រ្តីដែលចូលចិត្តទម្លាយរឿងផ្ទៃក្នុងរបស់បក្សខ្លួន បានបន្តនិយាយប្រាប់ឲ្យដឹងទៀតថា៖ ពាក់ព័ន្ធការងារចាំទទួលមូលនិធិនៅទីស្នាក់ការគណបក្ស ក៏ស្នើសុំមិនឱ្យបន្តទទួលទៀតដែរ ពីព្រោះថា កន្លងមកនេះមានជនឱកាសនិយមក្នុងគណបក្ស បានឆ្លៀតឱកាសប្រព្រឹត្តិអំពើពុករលួយ កឹបកេងប្រវ័ញ្ចយកលុយមូលនិធិ និងរបស់ផ្សេងៗដែលជារបស់ប្រជាពលរដ្ឋ ហើយថែមទាំងបានឈ្លោះគ្នាដល់ថ្នាក់ស្ទើតែប្រើអំពើហិង្សាដាក់គ្នាថែមទៀតផង។
«អ្នកដែលមានឈ្មោះនៅក្នុងគណៈកម្មាការទទួលវិភាគទាន ឬមូលនិធិនេះ គឺទទួលបានប្រាក់កំរៃក្នុងមួយនាក់២ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយសូម្បីប្រាក់កំរៃនេះ ក៏បង្កើតជាការច្រណែន នាំដល់ការខ្វែងគំនិតគ្នាមិនចេះចប់មិនចេះហើយ» នេះបើយោងតាមព័ត៌មានសមាជិកម្នាក់ ដែលទទួលកំរៃក្នុងមូលនិធិថ្លែងប្រាប់ឲ្យយ៉ាងដូច្នេះ។
ចាប់តាំងពីបែកធ្លាយរឿងអាស្រូវផ្លូវភេទ លោក កឹម សុខា បានមកសម្ងំលាក់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិរយៈពេលជិត១ខែមកហើយ ដោយសារតែភាពអាម៉ាស់ មិនហ៊ានប្រឈមការពិត និងមិនហ៊ានប្រឈមផ្លូវច្បាប់។ ដោយសារតែរឿងបុគ្គល កឹម សុខា គឺបានទាញគណបក្សសង្គ្រោះជាតិ ឲ្យធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ចំនួនអ្នកគាំទ្រកាន់តែថយចុះ ប្រភពហិរញ្ញវត្ថុទ្រទ្រង់ក៏កាន់តែខ្សត់ខ្សោយដោយសារបាត់ជំនឿ មន្ត្រីផ្ទៃក្នុងប្រឈមការខ្វែងគំនិតគ្នា មិនចេះចប់មិនចេះហើយ ហើយការងារមូលដ្ឋានគឺកាន់តែប៉ះពាល់ធ្ងន់ធ្ងរ។
សូម្បីថ្ងៃនេះ ពិធីនៅខេត្តសៀមរាប ដែលប្រកាសថា ធ្វើដើម្បីសុំសេចក្តីសុខ ហើយអ្នកខ្លះហៅថា «ពិធីសុំលាបំណន់ឲ្យ កឹម សុខា» ដែលធ្វើខុសស្បថ គឺមិនអាចប្រមូលកម្លាំងបាន៧០០នាក់គ្រប់តាមផែនការផង។ អ្នកចូលរួមនៅព្រះអង្គចេក ព្រះអង្គចម គឺមានតែប្រមាណ២០០នាក់ ហើយនៅមុខអង្គរវត្ត គឺមានតែប្រមាណ៤០០នាក់ប៉ុណ្ណោះ ដែលក្នុងនោះគឺរាប់ទាំងភ្ញៀវទេសចរណ៍ និងអ្នកឈរមើលផង ។ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមួយចំនួន និងមន្ត្រីជាន់ខ្ពស់បក្សមួយចំនួនទៀតក៏យករួចខ្លួន មិនទៅចូលរួមពិធីលាបំណន់នៅសៀមរាបនោះទេ៕
ដោយ៖ សេនាជាតិ