(ពោធិ៍សាត់)៖ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៦ បានដឹកនាំមន្ត្រីក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព ក្មេងប្រុសស្រី ៣នាក់ ដែលស្លាប់ដោយសារលង់ទឹកកាលពីម្សិលមិញ ដល់លំនៅដ្ឋាន ត្រង់ចំណុចភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចស្ពានសម្តេចហ៊ុនសែន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកស្លាប់ ក្មេងប្រុសស្រីចំនួន ០៣នាក់ គឺទី១-ឈ្មោះ ឈឿន គឹមយ៉េង ភេទស្រី អាយុ ១៣ឆ្នាំ, ទី២-ឈ្មោះ រិន រីជែ ភេទប្រុស អាយុ ០៦ឆ្នាំ និង ទី៣-ឈ្មោះ លី ម៉េងហួយ ភេទស្រី អាយុ ០៨ឆ្នាំ ។
ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មុនពេលកើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ហើយក៏នាំគ្នាផឹកស៊ី ភ្លេចគិតក្មេងៗកំពុងលេងទឹក ក្រោមស្ពានសម្តេចហ៊ុនសែន ស្រុកភ្នំក្រវាញ ។ ភ្លាមនោះក៏បាត់ក្មេងៗ ហើយនាំគ្នាផ្អើតឆោឡោ ដើររក និង រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹកស្លាប់បាត់ទៅហើយ ។
លោក វ៉ាន់ ហ៊ាន បានសម្តែងនូវការសោកស្តាយ អំពីការបាត់បង់ កូន ចៅ ប្អូន និង ជាក្មួយម្នាក់ជាទីស្រឡាញ់ និង សូមចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព ក្មេងប្រុសស្រីទាំង ០៣នាក់ ដោយក្តីអាឡោះអាឡៃជាទីបំផុត ដោយបានពាំនាំនូវការផ្តាំផ្ញើ និង សាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខដល់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាសព ក្មេងប្រុសស្រីទាំង ០៣នាក់នេះជាដើម ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនប្រកាន់អំពីនិន្នាកាអ្វីឡើយ ដូចពាក្យថា ”ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
អំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ផ្តល់ដល់គ្រួសារសព ក្មេងប្រុសស្រី ០៣នាក់ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ១០ម៉ឺនរៀល ៕