(ព្រៃវែង)៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន បានថ្លែងថា មន្ត្រីអនុវត្តច្បាប់ទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមសហការ និងការពារតំបន់ការពារធនធានធម្មជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ។
ការថ្លែងបែបនេះរបស់លោក ចាយ សាមិត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង។
សិក្ខាសាលនេះមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោក ជា សុមេធី អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាព អភិបាលស្រុក ឃុំ សង្កាត់ កងកម្លាំងទាំងបីសាលាដំបូងខេត្តផងដែរ។
លោករដ្ឋលេខាធិការ បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នៅក្នុងថ្ងៃនេះ បង្កើតឡើងក្រោមការ ផ្តួចផ្តើម គំនិតរបស់លោកបណ្ឌិត សាយ សំអាល់ បានរៀបចំឱ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យ បរិស្ថាននិងធនធាធម្មជាតិ» នៅខេត្តព្រៃវែង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដែលមកពីខេត្តព្រៃវែង ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការការពារគ្រប់គ្រង និង អភិរក្ស បរិស្ថាននិងធនធានធម្មជាតិ និងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមក។
ជាមួយគ្នានេះលោក ចាយ សាមិត្ត បានបន្ថែមថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានតំបន់ការពារធម្មជាតិចំនួន១កន្លែង គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។ ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ ដឹងឮលើលិខិតទិញលក់ដីនៅក្នុងតំបន់ ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការ អភិវឌ្ឍដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបន្ថែមលើសិក្ខាសាលា កន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារអភិរក្សបរិស្ថាន សិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យ បរិស្ថាននិងធនធាធម្មជាតិ» ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងទូលំទូលាយ អំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាពដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងយល់ដឹងអំពីការបំលែងធនធាន ធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជននៅក្នុងរូបភាពជាការសំអាតប្រាក់ និងទោសទណ្ឌដែលត្រូវទទួល។ ជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកិច្ចស៊ើបអង្កេតកិច្ចស៊ើបសួរ និងការជំនុំជម្រះដើម្បីផ្តន្ទាទោសជនល្មើសតាមច្បាប់។
លោកបានបន្តថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងធនធាន ធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ សិក្ខាសាលានាថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រៃវែង ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ប្រកបដោយចីរភាព នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោក ចាយ សាមិត្ត សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមមកពីគ្រប់មជ្ឈដ្ឋានទាំងអស់នឹងយកចិត្តទុកដាក់ និងត្រងត្រាប់ ឱ្យបានស្ដាប់ការធ្វើបទបង្ហាញដោយយកចិត្តទុកដាក់។ សិក្ខាសាលានេះនឹងផ្ដល់ជូនសិក្ខាកាមនូវធាតុចូលបន្ថែមអំពីច្បាប់ដែលអនុវត្តលើតំបន់ការពារធម្មជាតិ ការត្រៀមលក្ខណៈដើម្បីបង្កា និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពផ្លូវច្បាប់ពេញលេញ ដើម្បីដាក់ជូនអាជ្ញាធរតុលាការ។
សូមបញ្ជាក់ថា ប្រធានបទនៃសិក្ខាសាលា «ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» និងផ្ដល់នូវចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមបានកាន់តែច្រើនមាន៖
*១៖ ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន។
*២៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦ «អនាម័យ សោភ័ណភាព និងមានបរិស្ថានល្អ»។
*៣៖ ការពង្រឹងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
*៤៖ គោលការណ៍ណែនាំក្នុងការប្រើប្រាស់មធ្យោបាយសម្ភារដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ជាតិ។
*៥៖ សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ និងតំបន់ការពារធម្មជាតិ។
*៦៖ សញ្ញាណទូទៅនៃច្បាប់ស្តីពី ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
*៧៖ ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ។
*៨៖ តួនាទីរបស់នគរបាលយុត្តិធម៌។
*៩៖ នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕