(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងសហការីបាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចុះសួរសុខទុក្ខសិក្ខាកាមយោធិននៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបយោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ស្រុកទាំង៣ ស្ថិតក្នុងឆករការឃុំដូនបាស្រុកគាស់ក្រឡខេត្តបាត់ដំបង។
ពិធីនេះក៏មានធ្វើពិធីបួងសួងបន់ស្រន់នៅកន្លែងអាស្រមលោកតាចាប ដែលថែក្សាភ្នំវាលចាបនេះកន្លងមក ដើម្បីសុំសេចក្តីសុខដល់អ្នករស់នៅក្នុទីលាននេះ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុនសេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥និងលោកស្រី ក្នុងនោះក៏មានវត្តមានថ្នាក់មេបញ្ជាការងយោធភូមិភាគ មេបញ្ជាការកងពលតូចថ្មើជើងទាំង៣ យោធាចារយ្យ សិក្ខាកាមយោធិន នគរបាលមកពីវរសេនាតូចការពារព្រំដែនគោកមកពីវរសេនាតូចទាំង៤ មានជាង៤០០នាក់។
លោក ខាន់ ម៉ាណេរ បានថ្លែងថា ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ កាន់តែជិតស្និទ្ធនោះ អង្គភាពរបស់លោកក៏តែងបាននាំអំណោយទៅជូនកងទ័ពវរសេនាតូច៥០៩ស្រុកសំឡូត ក្នុងនាមសម្ព័ន្ធមេត្រីភាពជាហូរហែរ កន្លងមកផងដែរ។ ជាក់ស្តែងថ្ងៃនេះលោកនិងសហការី រួមនឹងសប្បុរស់ជន អាជីវករបាលមូលមតិគ្នា នាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ទះបាយនិងថវិកាមកចែកជូនដល់វគ្គហ្វឹកហ្វឺនដែលសិក្ខាកាមទាំងនោះមាន កម្លាំងជានគរបាលការពារព្រំដែននិងកងទ័ពជួមុខ ដែលបានលះបង់នៅឆ្ងាយពីផ្ទះ មករៀនសូត្រវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ស្របពេលដែលលាននេះត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។ អំណោយដែលបានមកពីសប្បុរសជននាំយកមកចែកជូននាពេលនេះមាន គ្រឿងបរិភោគជាច្រើនមុខនិងថវិកា៣លាន២សែនរៀល និងចែកថវិកាដល់សិក្ខាកាមដែលមកហ្វឹកហ្វឺនទាំងអស់ក្នុងម្នាក់ៗបានទទួល២ម៉ឺនរៀលបន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯក ប៊ុនសេង ក្នុងនាមថ្នាក់ដឹកនាំយោធិនក្នុងយោធភូមិភាគទី៥ បានថ្លែងអំណរគុណដល់ប្រតិភូសប្បុរសជនដែលបានចំណាយពេលវេលាដ៏មានតម្លៃនាំអំណោយគ្រឿងបរិភោគនិងថវិកាមួយចំនួនមកចែកជូនសិក្ខកាមនាពេលនេះរវាងអង្គភាពស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ នេះជាលើកទី៤ហើយដែលសប្បុរសជនបានជួយដល់ទីលាននេះ។
លោក ប៊ុន សេង ក៏បានបញ្ជាក់ជម្រាបប្រាប់ប្រតិភូថា នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែន នេះបានកសាងឡើងដោយ មានការជួយឧត្តម គាំទ្រគ្រប់បែបពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីដើមរហូតមកទល់ពេលនេះព្រមទាំងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាចុងខែមិថុនានេះ។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ទំហំដីដែលព័ទ្ធជុំវិញដោយភ្នំផងគឺមានទំហំជាង៦០០ហិកតា ជាកន្លែងធំលំដាប់ទី២ក្នុងប្រទេសយើង និងមានអំណោយផលដល់ការសាងសង់ទីលាននេះឡើងសម្រាប់ធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិនកងកម្លាំង និងកម្លាំប្រដាប់ផ្សេងទៀត បានគ្រប់ជំនាន់ផងដែរ ហើយមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវវស្សានិងរដូវប្រាំងផង។
លោក ប៊ុន សេង បានរំលឹកពីប្រវត្តិទីលាននេះ បានកើតឡើងតាំងសម័យអាណានិគមបារាំងគេហៅ( វាយចាប់ ឬ ចាប់វាយ) ក្រោយមក គេហៅថា វាលចាប និងក៏ជាកន្លែងតស៊ូរបស់ខ្មែរឥស្សរៈ ក្នុងជំនាន់នោះក៏មានសម្តេច ហេង សំរិន ធ្លាប់មករស់នៅតស៊ូនៅទីនេះផងដែរ។
បន្ទាប់ពីសំណាលចប់លោកមេបញ្ជាការ មេបញ្ជាការង និងគណៈប្រតិភូសប្បុរស់ជនបានចែកអំណោយជានិមិត្តរូប និងចែកថវិកាដល់សិក្ខាកាមផង ព្រមទាំងពិសារបាយសាមគ្គីនៅលើភ្នំជាមួយគ្នា១ពេលបង្កើតភាពស្និទ្ធស្នាលទាំងអស់គ្នាផងដែរ៕