(ភ្នំពេញ)៖ លោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលតំណាងឱ្យលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រដល់ការលើកកម្ពស់ការរស់នៅប្រជាពលរដ្ឋ និងការលើកកម្ពស់វិស័យសាធារណៈ គាំទ្រចំពោះការដើរធ្វើលំហាត់ប្រាណ ការដើរកម្សាន្ត ឬសកម្មភាពកីឡាផ្សេងៗ ដូចជាការធ្វើលំហាត់ប្រាណតាមវិធីយោគៈ (Yuga) ជាដើម។
ថ្លែងក្នុងពិធីប្រារព្ធទិវាយោគៈអន្តរជាតិ (Yoga International Day) លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា «កាលណាសង្គមជាតិមានការរីកចម្រើនខ្លាំង ប្រជាពលរដ្ឋមានការមមារញឹកនឹងការងារក៏ខ្លាំងដែរ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការធ្វើលំហាត់ប្រាណ និងសកម្មភាពកីឡា ដែលប្រកានេះ បានដាក់សម្ពាធទាំងផ្លូវកាយផ្លូវចិត្ត និងជាបញ្ហាទូទៅមួយ ប៉ុន្តែការប្រតិបត្តិយ៉ាងត្រឹមត្រូវ តាមវិធីយោគៈ អាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខភាពផ្លូកាយ និងផ្លូវចិត្ត ដូចជាសម្រួលដល់មុខងារសាច់ដុំ សរសៃឈាម ជំនួយបេះដូង ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ព្រមទាំងជួយកាត់បន្ថយភាពតឹងតែងផងដែរ»។
សូមជម្រាបថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ទិវាយោគៈត្រូវបានធ្វើឡើង នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឡែក នៅថ្ងៃទី១៩មិថុនានេះ ក្រសួងទេសចរណ៍, ក្រសួងអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា និងសាលារាជធានីភ្នំពេញ សហការជាមួយស្ថានទូតឥណ្ឌា ដែលមានលោក Naveen Srivas Tava ឯកអគ្គរដ្ឋទូតឥណ្ឌា បានប្រារព្ធធ្វើទិវារយោគៈនេះឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ៕