(ព្រះសីហនុ)៖ ដើម្បីអត្ថប្រយោជន៍ចំពោះសុខភាពមនុស្សគ្រប់គ្នា វិធីហាត់ «យូហ្កា» ត្រូវបានអង្គការសហប្រជាជាតិ កំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិ ស្តីពី «យូហ្កា» (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយ អំពីវិធីហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឲ្យរត់ស្រួល សម្រាប់សុខភាពរាងកាយរបស់មនុស្សយើង។
ដោយឡែកនៅប្រទេសកម្ពុជា ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ សាលាខេត្តព្រះសីហនុ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរៀបចំទិវាអន្តរជាតិ ស្តីពី «យោហ្កា» ជាលើកទី២ នៅឆ្នេរសុខា ខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧៖០០ព្រឹក។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ តំណាងក្រសួងអប់រំ លេខាទូតទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ឆ្នាំនេះផងដែរ ទិវាអន្តរជាតិយូហ្កាបានផ្ដល់ឱកាសឲ្យសាធារណជន និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានចូលរួម ដោយសេរី ដើម្បីយល់ដឹងបន្ថែម អំពីការធ្វើលំហាត់ប្រាណសមាធិ សម្រួលអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ។ ហើយទិវានេះក៏បាន ចូលរួមចំណែក ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ឲ្យភ្ញៀវទេសចរនៅជុំវិញពិភពលោក បានចាប់អារម្មណ៍ និងបានធ្វើដំណើរមកទស្សនាកម្ពុជា កាន់តែមានចំនួនច្រើនឡើងថែមទៀត៕