(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់អាជ្ញាធរ ដែលរស់នៅជាប់ជាមួយប្រជាពលរដ្ឋ ដូចជា៖ មេភូមិ មេឃុំ មេប៉ុស្តិ៍ រហូតដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ត្រូវធ្វើជាគំរូ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីក្លាយទៅជាឱពុកម្តាយ ក៏ដូចជាមេដឹកនាំគំរូល្អសម្រាប់ពលរដ្ឋ ក៏ដូចជាអ្នកក្រោមឱវាទ។

ការរំលឹកបែបនេះ របស់លោកបណ្ឌិត ម៉ៅធនិន បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំប្រព្រឹត្តធ្វើឡើង ក្នុងបរិវេណវត្តអង្គអណ្ដែត ស្ថិតនៅភូមិថ្មី ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយចូលរួមពីសំណាក់លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ព្រមទាំងមន្ត្រី កងកម្លាំង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងព្រះសង្ឃ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា៖ «ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន យើងត្រូវធ្វើជាឱពុកម្តាយត្រូវមានគំរូដល់កូនៗ ធ្វើជាអ្នកដឹកនាំត្រូវធ្វើជាគំរូដល់អ្នកក្រោមឱវាទ ហើយមិនត្រូវហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យនិយាយការពិតដែលកើតមានឡើង ឬគំរាមប្រជាពលរដ្ឋនោះទេ។ ហើយរាល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា គឺយើងរមែងតែងតែយកនូវយន្តការពីរ មកធ្វើការសម្របសម្រួល រួមមាន៖ ទី១- យន្តការគ្រួសារ និងទី២- យន្តការច្បាប់។ ហើយរាល់ការដោះស្រាយនោះទៀតសោត គឺត្រូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ មន្ទីរជំនាញ រួមនឹងមានការចូលរួមពីមេធាវីរបស់រដ្ឋបាលខេត្តកំពត គឺចូលរួមក្នុងន័យដើម្បីបញ្ចប់រាល់វិវាទទាំងអស់ឱ្យមានភាពយុត្តិធម៌»

សូមរំលឹកថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងស្រុកជុំគីរីមនាពេលនេះ គឺជាលើកទី២ហើយ ដែលពេលនេះមានសំណុំរឿងដែលត្រូវលើកយកមកដោះស្រាយ មានចំនួន ៤៤ករណី ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋដែលជាគូរវិវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកពីឃុំត្រពាំងរាំង និងឃុំជម្ពូវ័ននៃស្រុកជុំគីរី ប្រមាណជាង ១ពាន់នាក់៕