(កំពង់ឆ្នាំង)៖ ក្រោយទទួលព័ត៌មានពីការលួចចូលនេសាទ នៅដែនឡូតិ៍នេសាទ ដែលជាតំបន់អភិរក្សពូជត្រី, លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានអំពាវនាវប្រជានេសាទ កុំនេសាទក្នុងតំបន់អភិរក្សពូជត្រី និងនេសាទប្រកបដោយភាពត្រឹមត្រូវ និងតាមច្បាប់ស្តីពីជលផល ដើម្បីចៀសវាងមានទោសទណ្ឌ។

ការចេញអំពាវនាវបែបនេះ របស់លោក ងិន ហ៊ុន បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី បានប្រទះឃើញមានគេលួចដាក់របាំងធ្មួសផ្ជិតព្រែកស្ទាក់ចាប់ត្រីក្នុងតំបន់អភិរក្សពូជត្រីមួយកន្លែង ស្ថិតនៅចំណុច (ព្រែកស្ដីដកគងតូច) ក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជល់គីរី ដែលការនេសាទខាងលើនេះត្រូវបានច្បាប់ហាមឃាត់ដាច់ខាត ខណៈនោះដែរពួកគាត់ក៏បានយកទូរស័ព្ទថតរូបភាពឧបករណ៍នេសាទបទល្មើសផ្ញើរមកឱ្យបណ្ដាញព័ត៌មាន Fresh News របស់យើងភ្លាមៗផងដែរ។

ក្នុងការអះអាងរបស់ថ្នាក់ដឹកនាំសហគមន៍នេសាទ ក៏ដូចជាមន្ត្រីជំនាញកន្លងមក បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា បើយោងតាមច្បាប់ស្ដីពីជលផល មិនអនុញ្ញាតដាច់ខាតចំពោះការនេសាទទាំងឡាយណា ដែលប្រើឧបករណ៍នេសាទខុសច្បាប់ ទាំងទំហំក្រឡា និងប្រវែងកន្លងមកទាំងមន្ត្រីជំនាញ តែងតែបានអប់រំណែនាំដល់ប្រជានេសាទ ត្រូវធ្វើការនេសាទដោយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់ស្ដីពីជលផល ពិសេសគឺក្នុងដែនអភិរក្សពូជត្រី ច្បាប់មិនអនុញ្ញាតឱ្យធ្វើការនេសាទជាដាច់ខាត បើទោះជាការនេសាទនោះបានប្រើឧករណ៍នេសាទត្រឹមត្រូវតាមច្បាប់កំណត់ក៏ដោយ។

ព្រែកខាងលើនេះ បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា គឺមានប្រភពហូរចេញពីដែនអភិរក្សចំនួន២ចំណុច១៖ ដែនអភិរក្ស (បឹងប្រា), ២៖ ដែនអភិរក្ស (ស្ដីដកគងតូច) ដែនអភិរក្សពូជត្រីទាំងពីរខាងលើនេះ ស្ថិតក្នុងឃុំពាមឆ្កោកស្រុកជលគីរី ពួកគាត់បានបញ្ជាក់ទៀតថា បើទោះជារូប ភាពព្រែកមួយនេះមានទំហំតូចក៏ពិតមែន ក៏ប៉ុន្តែ ជាផ្លូវចរាចរណ៍ត្រីចេញចូលពីតំបន់អភិរក្សដ៏សំខាន់ណាស់ ពីព្រោះនៅរដូវវស្សា ដែលជារដូវត្រីពងកូន ត្រីបានឡើងទៅរកកន្លែងពងកូន នៅក្នុងតំបន់អភិរក្សទាំងពីរខាងលើនេះ លុះនៅរដូវសម្រកត្រីក៏បាននាំគ្នាបណ្ដើរកូនទាំងតូចទាំងធំ ចុះមកវិញដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅបន្តពូជ ពង្ស តាមច្រកព្រែកមួយនេះ។

ដូច្នេះពូជត្រីទាំងនោះត្រីខ្លះបណ្ដើរកូនចុះមកបានត្រឹមតែរបាំងធ្នួស ដែលមានរបាំងសាច់អួនលបលូលាតសន្ធឹងរង់ចាំស្រាប់ ពេលហ្វូងមច្ឆាទាំងនោះមកទើត្រឹមរបាំងធ្នួ សនោះ ក៏ត្រូវចូលក្នុងលបលូនោះបាត់អស់ទៅហើយ ត្រីដែលមានវាសនាឆ្លងផុតពីរបាំងធ្នួសគឺនៅមានតិចតួចណាស់។ ហេតុនេះទាំងបងប្អូនប្រជានេសាទដែលជាអ្នក ធ្វើការនេសាទតាមច្បាប់ ទាំងមន្ត្រីជំនាញជលផល ក៏ដូចជាសហគមន៍នេសាទ សំណូមពរដល់បងប្អូនប្រជានេសាទយើងមួយចំនួនតូច សូមធ្វើការនេសាទប្រកបដោ យភាពទទួលខុសត្រូវ ពិសេសគឺត្រូវគោរពតាមការណែ នាំរបស់មន្ត្រីជំនាញ ដែលបានកំណត់ឲ្យបងប្អូនយើងធ្វើការនេសាទឲ្យបានត្រឹមត្រូវតាមច្បាប់។ តែសូមបងប្អូនកុំធ្វើការនេសាទនៅក្នុងតំបន់អភិរក្សដែលជាតំបន់ហាមឃាត់ ដើម្បីរួមគ្នាថែរក្សាពូជត្រីឲ្យបានគង់វង្សសម្រាប់យើង និងកូនចៅយើងទាំងអស់គ្នា។

ជុំវិញករណីដែលពលរដ្ឋផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងការដាក់របាំងធ្នួសផ្ជិតព្រែក ក្នុងតំបន់អភិរក្សខាងលើនេះលោក ងិន ហ៊ុន បានគូសបញ្ជាក់ថា ពេលលោកទទួលបានរូបភាព និងរបាយការណ៍ពីអ្នកសារព័ត៌មាន បញ្ជូនបន្តឱ្យ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានជួយរាយការណ៍ពីបទល្មើសបានទាន់ពេលវេលា ដោយលោកបានប្រាប់ថានឹងចាត់តាំងឱ្យជំនាញចុះទៅពិនិត្យមើលដើម្បីបង្ក្រាបកំទេចចោល ដើម្បីបើកច្រកឱ្យត្រីធ្វើចរាចរណ៍ឡើងវិញ។

ចំណែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោយពីទទួលបានព័ត៌មាននេះ លោកក៏បានប្រាប់ផងដែរថា លោកនឹងបញ្ជូនមន្ត្រីជំនាញទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខាងលើនេះ ចុះទៅពិនិត្យមើលនឹងរុះរើរបាំងធ្នួសនោះចោលផងដែរ៕