(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រយ៉ាងសប្បាយរីករាយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការពញ្ញាក់អារម្មណ៍ និងបន្តចូលរួមកាន់តែសកម្មលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន បន្តោងសោ ច្បាប់ សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយ បន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
បើតាមលោក ចិន សាម៉ន ទីប្រឹក្សាក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ គឺតែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រេីនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារយេីងឆ្លៀតផ្ញេីសារផ្តល់ចំណេះដឹងដល់ពួកគាត់បង្កេីនបានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាមជាដៃគូ លោក ប៊ូ រដ្ឋា នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តព្រះសីហនុ បានថ្លែងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលងចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដេីមហេីយកន្លងមកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ សម្ភារៈ បម្រេីដល់ការងារសង្គមនានា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បុណ្យសមុទ្រជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ (ថ្ងៃ៩-១១ ខែធ្នូ ឆ្នាំ២០២២) មានមន្រ្តីរាជការ ប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រេីនអធិកអធ័ម និងបានចូលសិក្សាស្វែងយល់ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ សំដៅចូលរួមចំណែកកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្តមួយចំនួន បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវរួមរបស់យេីងគ្រប់រូប។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀនដែលជាការងារពហុវិស័យត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដេីម្បីអនាគតកូនចៅយេីង៕