(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នឹងដឹកនាំគណៈប្រតិភូខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ហើយនៅថ្ងៃទី១៣ សម្តេចនឹងទៅកាន់ទីក្រុងប៉ារីស ដើម្បីជួបពិក្សាការងារជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។
* ខាងក្រោមនេះជាចំណុចសំខាន់ៗ គួរដឹងពីប្រទេសបែលហ្ស៉ិក៖
បែលហ្ស៉ិក គឺជាប្រទេសតូចមួយនៅក្នុងចំណោមប្រទេសតូចជាច្រើនទៀតក្នុងតំបន់អឺរ៉ុប។ ប្រទេសនេះមានព្រំដែនជាប់បារាំង លុចសំបួ ហូឡង់ និងអាល្លឺម៉ង់ ព្រមទាំងជាប់សមុទ្រខាងជើង ឬ North Sea ហើយមានរដ្ឋធានីឈ្មោះព្រុចសែល ដែលជាទីស្នាក់ការរបស់បក្សសម្ព័ន្ធយោធា NATO ផង និងជាទីស្នាក់ការរបស់សហភាពអឺរ៉ុបផង។
បែលហ្ស៉ិក មានឈ្មោះផ្លូវការថា «ព្រះរាជាណាចក្របែលហ្ស៉ិក និងមានប្រព័ន្ធដឹកនាំតាមបែបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងសេរីពហុបក្ស ដោយមាន ព្រះមហាក្សត្រជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល។ ព្រះមហាក្សត្របែលហ្ស៉ិកសព្វថ្ងៃ គឺព្រះអង្គ ហ្វីលីព (Philippe) ដែលបានឡើងគ្រងរាជ្យ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៣មក ក្រោយព្រះបិតាព្រះនាម Albert II មានព្រះជន្ម៧៩វស្សា បានដាក់រាជ្យដោយសារតែបញ្ហាសុខភាព។ ចំណែកឯ នាយករដ្ឋមន្ត្រី គឺលោក Alexander De Croo ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ២០២០មក។
បែលហ្ស៉ិក មានប្រជាជនសរុប ១១.៥លាននាក់ និងមានផ្ទៃដីសរុប ៣០,៥២៨គីឡូម៉ែត្រក្រឡា។ មានភាសាផ្លូវការ ហូឡង់ បារាំង និងអាល្លឺម៉ង់ រីឯរូបិយបណ្ណគឺលុយអឺរ៉ូ។ បែលហ្ស៉ិកក៏ជាសមាជិក NATO និងសហភាពអឺរ៉ុប ផងដែរ។ វិស័យសំខាន់ៗរបស់បែលហ្ស៉ិក មានដូចជារដ្ឋបាលសាធារណៈ ការពារជាតិ អប់រំ សុខាភិបាល សកម្មភាពការងារសង្គម ពាណិជ្ជកម្មលក់ដុំលក់រាយ ដឹកជញ្ជូន សេវាចំណីអាហារ និងឧស្សាហកម្ម។ ការធ្វើពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប គឺតំណាងឱ្យ ៦៥ភាគរយនៃការនាំចេញនៃប្រទេសបែលហ្ស៉ិក ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយអាល្លឺម៉ង់ (១៧ភាគរយ) បារាំង (១៤ភាគរយ) និងហូឡង់ (១២ភាគរយ) ខណៈជាមួយសហរដ្ឋអាមេរិក (៧ភាគរយ) និងចក្រភពអង់គ្លេស (៨ភាគរយ)។ ដោយឡែក និយាយពីវិស័យនាំចូលវិញ បែលហ្ស៉ិកនាំចូល ទំនិញ ៦២ភាគរយមកពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប មានហូឡង់ (១៧ភាគរយ) អាល្លឺម៉ង់ (១៤ភាគរយ) និងបារាំង (១០ភាគរយ) ហើយ ៧ភាគរយនាំចូលពីសហរដ្ឋអាមេរិក និង៥ភាគរយពីចិន។
* ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់របស់បែលហ្ស៉ិក
ឆ្នាំ១៨៣០៖ ប្រកាសឯករាជ្យពីប្រទេសហូឡង់
ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ (សង្រ្គាមលោកលើកទី១)៖ ធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់
ឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥ (សង្រ្គាមលោកលើកទី២)៖ ស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់ជាថ្មី
ឆ្នាំ១៩៤៩៖ ក្លាយជាសមាជិ NATO
ឆ្នាំ១៩៥៨៖ ក្លាយជាសមាជិកសភាពអឺរ៉ុប
ឆ្នាំ១៩៩៣៖ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីទទួលស្គាល់ការបែកចែកប្រទេសជាបីតំបន់រដ្ឋបាល រួមមាន តំបន់ Flanders, Wallonia និង Brussels។ ឆ្នាំ២០០២៖ យកលុយអឺរ៉ុប ជំនួសលុយហ្វ្រង់បែលហ្ស៉ិក៕