(ភ្នំពេញ)៖ នៅក្នុងការពិព័រណ៍សៀវភៅកម្ពុជា ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នេះ ដែលស្ថិតក្នុងបរិវេណបណ្ណាល័យជាតិកម្ពុជា ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យើងឃើញសិស្ស និស្សិត ប្រជាពលរដ្ឋខ្មែរ បានចូលទស្សនា និងទិញសៀវភៅយ៉ាងច្រើនកុះករដើម្បី អាននិងស្វែងយល់។

ហេតុអ្វីបានជាការអានមានសារ:សំខាន់?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើពោលអំពីការអានសៀវភៅនេះ មិនថាប្រជាជាតិខ្មែរយើង ឬប្រជាជាតិនានាលើពិភពលោកនោះទេ ចំពោះការអានសៀវភៅគឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ព្រោះវាបណ្ដុះនិងបំផុសគំនិតចេញពីសៀវភៅ ធ្វើឲ្យយើងចេះស្វែងយល់ហេតុផលនានា ដើម្បីបំភ្លឺផ្លូវឲ្យយើងឃើញនូវអ្វីដែលល្អ និងអ្វីដែលអាក្រក់។

ហេតុនេះចំពោះការអានសៀវភៅ គឺជាកូនសោចាក់គន្លឹះដើម្បីបើកទ្វារប្រាជ្ញាស្មារតី របស់យើងឲ្យមើលឃើញពិភពលោកដ៏ស្រស់បំព្រងផង ជាការកម្សាន្តផង ជាការបង្កើនក្តីស្រមើលស្រមៃផង និងមានអត្ថប្រយោជន៍ច្រើនដល់សរសៃប្រសាទនិងផ្លូវចិត្តវិជ្ជមានផងដែរ។

បើពោលឲ្យខ្លី ចំពោះសារៈសំខាន់នៃការអានសៀវភៅមានដូចជា៖

* ពង្រឹងសកម្មភាពខួរក្បាល៖ ការអានសៀវភៅជួយជំរុញឲ្យខួរក្បាលរបស់យើង មានការចងចាំ និងថែមទាំងពង្រីកក្តីស្រមៃ និងសុបិន្ដឆ្ពោះទៅរកការរីកចំរើននិងភាពជោគជ័យ។

* បង្កើនទំនាក់ទំនង៖ ការអានសៀវភៅជាបណ្តុំចំណេះដឹងចម្រុះនិងធ្វើឲ្យយើង ក្លាយជាអ្នកសន្ទនាដែលទាក់ទាញជាងមុន ហើយអាចផ្តល់អំណាចឲ្យយើងនិយាយទៅកាន់មនុស្សកាន់តែច្រើនពីប្រវត្តិ និងបទពិសោធន៍ផ្សេងៗគ្នា ពីព្រោះយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្អែកលើព័ត៌មានដែលបានចែករំលែកពីការអាន ក្នុងការបង្កើនទំនាក់ទំនងដៃគូសន្ទនារបស់យើងប្រកបដោយភាពស្រស់បំព្រង។

* ជួយខ្លួនឯង៖ ការអានសៀវភៅអាចជួយឲ្យយើងគេចផុត ពីគ្រោះថ្នាក់ក្នុងជីវិតនិងនាំដំណើរផ្សងព្រេងរបស់យើងទៅរកភាពជោគជ័យ។ នៅពេលដែលយើងកំពុងអានសៀវភៅ គឺសៀវភៅអាចនាំគំនិតយើងឲ្យគិតអំពីរឿងថ្មីៗ ស្វែងយល់អំពីវប្បធម៌ ប្រវត្ដិសាស្រ្ដ សេដ្ឋកិច្ច នយោបាយ ព្រឹត្តិការណ៍ សង្គម និងស្ថានភាពពិភពលោក ដែលមិនធ្លាប់ឮពីមុនមក ហើយអាចទទួលយកវិធីសាស្រ្តនៃការគិតដែលជួយកែប្រែគំនិត ឬលើកកំពស់អត្តសញ្ញាណរបស់យើង។

* បង្កើនបញ្ញា៖ នៅពេលយើងអានច្រើន យើងប្រាកដជារៀនបានច្រើនពីសៀវភៅ ព្រោះការអានកាន់តែច្រើន នាំគំនិតយើងឲ្យស្គាល់កាន់តែទូលំទូលាយ និងមានអត្ថប្រយោជន៍ដល់ផ្លូវកាយ ចិត្ត និងវិញ្ញាណ។

* កម្សាន្ត៖ ការអានសៀវភៅគឺជាទម្រង់នៃការកម្សាន្តដែលអាចនាំយើងទៅកាន់ភាពវិវត្តន៍ខ្លួនបានទាន់ពេលវេលានិងពិភពប្រណិតភាពទៀតផង។

* ផ្តល់តម្លៃល្អ៖ ការអានសៀវភៅអាចបង្រៀនយើងឲ្យលើកតម្កើងតម្លៃខ្លួនឯងនិងសង្គមជាតិ តាមរយ:ការជ្រើសរើសនិងដកស្រង់សំរាំងពាក្យពេចន៍ល្អៗពិរោះពិសាមកប្រើប្រាស់ក្នុងគ្រួសារ និងសង្គមជាក់ស្តែង។

* បង្កើនភាពច្នៃប្រឌិត៖ ការអានសៀវភៅមានសក្តានុពលក្នុងការបង្កើនកម្រិតនៃភាពច្នៃប្រឌិតរបស់យើងដើម្បីភាពសប្បាយរីករាយ ជំរុញឲ្យមានគំនិតថ្មីៗ ឬរូបភាពនៅក្នុងគំនិតរបស់យើងដែលអាចធ្វើឲ្យចេញជាលទ្ធផលពីភាពច្នៃប្រឌិត និងការបញ្ចេញមតិយោបល់កាន់តែច្រើន។

* បន្ថយភាពតានតឹង៖ ការអាន​សៀវភៅ អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ហើយជួយ​បង្កើន​ការ​សម្រាកដោយស្មារតីរបស់យើងផ្តោតលើអត្តបទនៃសៀវភៅ ។ ព្រោះការអានសៀវភៅ ទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិនៃសមាធិដែលកាត់បន្ថយកម្រិតស្ត្រេស។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ហេតុនេះការអានសៀវភៅ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ចំពោះយុវជន សិស្ស និសិ្សត មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ ត្រូវតែបណ្តុះគំនិតអានសៀវភៅ ដើម្បីស្រួបយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីទុកជាដើមទុន និងជាស្ពានចំលងយើង ឆ្ពោះទៅកាន់ភាពរីកចម្រើនដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រោះចំណេះដឹងគឺជាប្រទីបបំភ្លឺជីវិត៕