(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសមាគមអ្នកគណិតវិទ្យាកម្ពុជា បានលើកឡើងថា ការងាររបស់សមាគម គឺចង់ជំរុញឲ្យវិស័យអប់រំគណិតវិទ្យា នៅប្រទេសកម្ពុជា មានការរីកចម្រើន ក្នុងគោលបំណងដើម្បីឲ្យកម្ពុជា សំបូរទៅដោយធនធានមនុស្ស មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន អញ្ជើញចូលរួមក្នុងកម្មវិធីចែកវិញ្ញាបនបត្រ មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជូនដល់ជ័យលាភី ដែលបានចូលរួមប្រឡង Maths Warriors (Singapore), Suken Test (Japan) និង Caribou Contests (Canada)។

កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសហគមន៍អ្នកគណិតវិទ្យាកម្ពុជា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងាររបស់សមាគមអ្នកគណិតវិទ្យាកម្ពុជា គឺចង់ជំរុញវិស័យអប់រំគណិតវិទ្យានៅកម្ពុជា ដើម្បីឲ្យយើងមានធនធានមនុស្ស មានសមត្ថភាព ក្នុងការដោះស្រាយបញ្ហា ហើយចូលរួមក្នុងកម្រិតតំបន់ និងអន្ដរជាតិ ហើយសមាគមអ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយនឹងប្រទេសជឿនលឿនជាច្រើន»

បើតាមលោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សមាគមអ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយប្រទេសជឿនលឿន ក្នុងតំបន់រៀបចំការប្រឡងគណិតវិទ្យា និងល្បែងសិក្សាគណិតវិទ្យា ដោយបានសហការ ជាមួយនឹងវិទ្យាស្ថានវិញ្ញាបនបត្រ គណិតវិទ្យាជប៉ុន រៀបចំការប្រឡងវ៉ាស់ស្ទង់ សមត្ថភាពគណិតវិទ្យា ចាប់តាំងពីឆ្នាំ២០០៨មក និងបានខកខាននៅឆ្នាំ២០២០ និងឆ្នាំ២០២១។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានឲ្យដឹងទៀតថា ការប្រឡងវ៉ាស់ស្ទង់ សមត្ថភាពគណិតវិទ្យា បានដំណើរការឡើងវិញ នៅឆ្នាំ២០២២ និងមានបេក្ខជនបានចុះឈ្មោះ ចូលរួមប្រឡងពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងកម្រិតសាកលវិទ្យាល័យ ដែលសរុបចំនួន៣៥៩នាក់ ក្នុងនោះមានស្រីចំនួន១៧៣នាក់។

លើសពីនោះទៀត លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបន្ថែមថា សមាគមអ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយនឹងមជ្ឈមណ្ឌលប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ នៃប្រទេសសិង្ហបុរី រៀបចំប្រឡង Maths Warriors ឬល្បែងសិក្សាគណិតវិទ្យា នៅឆ្នាំ២០១៩ និងឆ្នាំ២០២២ ដោយមានសិស្សចូលរួមពីថ្នាក់ទី៤ ដល់ថ្នាក់ទី៩ សរុបមានចំនួន២៤៦នាក់ ស្រី៩៩នាក់។

ប្រធានសមាគមអ្នកគណិតវិទ្យាកម្ពុជា បានបន្ដទៀតថា សមាគមអ្នកគណិតវិទ្យាកម្ពុជា ក៏បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ គណិតវិទ្យាសាកលវិទ្យាល័យប៊ូក នៃប្រទេសកាណាដា រៀបចំប្រឡង ការីប៊ុយតេស្តគណិតវិទ្យា តាមប្រព័ន្ធអនឡាញ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានឲ្យដឹងថា ការប្រឡងនេះ គឺប្រឡងចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដោយមានសាលារៀន បានចូលរួមសហការរៀបចំ ការប្រឡងការីប៊ុយតេស្តគណិតវិទ្យា មានចំនួន២៥សាលារៀន។

សូមជម្រាបថា ក្នុងកម្មវិធីចែកវិញ្ញាបនបត្រ មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ជូនដល់ជ័យលាភី ដែលបានចូលរួមប្រឡង Maths Warriors (Singapore), Suken Test (Japan) និង Caribou Contests (Canada) រួមមាន៖

១៖ Maths Warriors: មេដាយមាស៦នាក់ មេដាយប្រាក់៦នាក់ មេដាយសំរឹទ្ធ៦នាក់ និងបណ្ណសរសើរ១២នាក់។
២៖ Suken Test: មេដាយមាស៨នាក់ មេដាយប្រាក់៨នាក់ មេដាយសំរឹទ្ធ៦នាក់ និងវិញ្ញាបនបត្រ១៦នាក់។
៣៖ Caribou Contests: មេដាយមាស១២នាក់ មេដាយប្រាក់ ១០នាក់ មេដាយសំរឹទ្ធ១៥នាក់ និងវិញ្ញាបនបត្រ១៩នាក់។

ក្នុងកម្មវិធីនេះ មានសាលារៀន សរុបចំនួន២៥បានចូលរួម ក្នុងនោះ មានសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យ ហ៊ុន សែនកំពង់ចាម សាលបឋមសិក្សាអនុវត្តន៍កំពង់ចាម សាលាបឋមសិក្សាអនុវត្ត នៃវិទ្យាស្ថានជាតិអប់រំ និងសាលាសាធារណៈ និងឯកជនចំនួន២០ទៀត៕