(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
ក្រសួងបញ្ជាក់ថា ដំណើរការកំណែបានចាប់ផ្ដើមនាព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយបណ្ឌិតសភាចារ្យ ណាត ប៊ុរឿន រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញចុះពិនិត្យនៅតាមមណ្ឌលកំណែ ខណៈគណៈកម្មការនានា កំពុងមមាញឹកក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់ ប្រកបដោយទំនួលខុសត្រូវ ព្រមទាំងមានការចូលរួមពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលនីមួយៗមានកិច្ចប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបាននូវការគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
សូមជម្រាបថា ដំណើរការប្រឡងសំណេរ នៃការប្រឡងសញ្ញាបត្រ រយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងទទួលយកបាន។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។
តាមការគ្រោងទុកលទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ផងដែរ៕