(បន្ទាយមានជ័យ)៖ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ទទួលបានម៉ូតូចំនួន៥០គ្រឿង ពីអង្គការ GIZ សម្រាប់ផ្តល់ការគាំទ្របន្ថែមដល់វិស័យសុខភាពសាធារណៈ នៅខេត្តបន្ទាយមានជ័យ។
ពិធីប្រគល់ និងទទួលម៉ូតូនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ម៉ារី ហូប្សមែន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធី GIZ.l cone នៃអង្គការ GIZ លោក វេជ្ជបណ្ឌិត ទ្បេចន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។
លោកស្រី ម៉ារី ហូប្សមែន បានលើកឡើងថា «គម្រោងកម្មវិធី GIZ.lcone នៃអង្គការ GIZ ជាគម្រោងថ្មីមួយទៀត ផ្តល់ការគាំទ្របន្ថែមដល់វិស័យសុខភាពសាធារណៈ ដូច្នេះ ដើម្បីគាំទ្រដល់មន្ត្រីបច្ចេកទេសុខាភិបាល គម្រោងមានកម្មវិធីសាច់ប្រាក់ផ្តល់ម៉ូតូជូនដល់បានឃើញនាថ្ងៃនេះ»។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់លោកស្រី ម៉ារី ហូប្សមែន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធី GIZ.lcone នៃអង្គការ GIZ ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរដល់មន្ត្រីសុខភាបាលក្នុងការបំពេញភារកិច្ចស្នូល និងជាមន្ត្រីបង្គោលគម្រោង លើកកម្មវិធីផ្តល់ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៍មានសារៈប្រយោជន៍នេះ។
លោកអភិបាលខេត្តសង្ឃឹមថា មន្ត្រីទាំងអស់ដែលទទួលបានម៉ូតូយកទៅជិះនេះនឹងខិតខំបំពេញការងារឱ្យកាន់តែសកម្ម និងចេះថែរក្សាឱ្យបានគង់វង្ស ដើម្បីបានជាមធ្យោបាយប្រើប្រាស់យូរអង្វែងទៅមុខទៀត៕