(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅចុងសប្ដាហ៍នេះបានចាត់តំណាង ចុះសួរសុខទុក្ខ និងនាំយកថវិកា ផ្ដល់ជូនដល់កុមារី និងយុវនារី ដែលសុទ្ធតែធ្លាប់ទទួលរងគ្រោះបំផុតកន្លងមក ហើយបានមកស្នាក់នៅអង្គការអាហ្វេស៊ីបកម្ពុជា ដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាអង្គការជួយការពារ គាំពារ និងផ្ដល់ការសិក្សា និងបណ្ដុះបណ្ដាលទូទៅ។
ដោយក្ដីស្រលាញ់របស់អ្នកម្ដាយមិនប្រែប្រួលទោះក្នុងកាលៈទេសៈណាក៏ដោយ មាតាមនុស្សធម៌នៅតែ គិតគូរមិនរំលង ខ្វល់ខ្វាយ មិនឱ្យកូនចៅដែលធ្លាប់រងគ្រោះកន្លងមក មិនទទួលបានការយកចិត្ដទុកដាក់ ក្ដីស្រលាញ់ និងជួយសង្គ្រោះពីសម្ដេចឡើយ។
ការអញ្ជើញចុះមកសួរសុខទុក្ខនេះ មិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកទី២ដែរ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចុះមកផ្ទាល់ និងចាត់តំណាង ដើម្បីមកមើលការខុសត្រូវលើការខ្វះខាតណាមួយ ឬតម្រូវការចាំបាច់ណាមួយដែលមាតាមនុស្សធម៌ នឹងបន្ដជួយជាបន្ដបន្ទាប់បាន។
ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី ត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យចុះមកសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ជាពិសេសបង្កើតកម្មវិធីសប្បាយរីករាយជាមួយកូនក្មួយ និងចៅៗដែលរស់នៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយបានរៀបចំកម្មវិធី ធ្វើនំកង នំក្រូច និងញុំានំបញ្ចុកសាមគ្គី ដើម្បីបង្កើនក្តីស្រឡាញ់ ភាពស្និទ្ធស្នាលឲ្យកាន់រឹងមាំ។ ក្ដីស្រលាញ់គិតគូរខ្វះខ្វាយ ប្រកបដោយភាពកក់ក្ដៅរបស់មាតាមនុស្សធម៌ បានធ្វើឱ្យកុមារៗងាយរងគ្រោះ ទទួលបានភាពសប្បាយរីករាយ មិនឯកា និងកាន់តែមានសង្ឃឹមក្នុងការរស់នៅក្នុងសង្គមដ៏សុខសន្ដិភាពមួយនេះ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗទាំងអស់ បើទោះបីជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏សម្តេចតែងតែមានការនឹករលឹកដក់ជាប់ក្នុងចិត្តជានិច្ច។
លោកស្រីក៏បានពាំនាំការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ចេះជួយគ្នា ស្រឡាញ់គ្នាដូចបងប្អូន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនាគតភ្លឺស្វាង។
យុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេសចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត ការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ការទំនុកបម្រុងជាបន្តបន្ទាប់ និងអគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕