(ត្បួងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមយុវជនឲ្យចេះជួយគ្នា ស្រឡាញ់គ្នា ធ្វើតែអំពើល្អដើម្បីបម្រើប្រជាពលរដ្ឋដើម្បីដណ្តើមប្រៀបឈ្នះនាពេលខាងមុខ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនស្រុក សកម្មជនយុវជន វិទ្យាល័យ អនុវិទ្យាល័យ ឃុំ និងភូមិ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុុ។
នៅចំពោះក្រុមយុវជនទាំងអស់ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអបអរសារទរបងប្អូនយុវជន ក្នុងឱកាសដែលត្រូវបានទទួលស្គាល់ជាសកម្មជនបក្ស និងថ្លែងអំណរគុណដែលសកម្មជនទាំងអស់ដែលបានជ្រើសរើសចូលរួមដោយស័គ្រ្មចិត្តជាមួយគណបក្សប្រជាជន ដែលជាគណបក្សដែលធំជាងគេ មានភាពចាស់ទុំជាងគេ ព្រមទាំងមានស្នាដៃច្រើនជាងគេទាំងអស់។
លោកបានបញ្ជាក់ថា «យុវជនសម័យនេះមានលទ្ធភាពគ្រប់គ្រាន់សិទ្ឋិពេញលេញ ក្នុងការពិចារណាល្អិតល្អន់ ក្នុងការជ្រើសរើស និងចូលរួមគណបក្សដែលខ្លួនស្រលាញ់ ដោយមិនមានការបង្ខិតបង្ខំពីបក្សនយោបាយណាមួយឡើយ។ ដើម្បីឲ្យយុវជនឲ្យស្រឡាញ់បក្ស និងចូលរួមក្នុងបក្សរបស់គឺមានតែការធ្វើអំពើល្អ និងឲ្យពួកគេចូលរួមដោយសុទ្ធចិត្តដើម្បីបម្រើសកម្មភាពសង្គម និងប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្នាក់ដឹកនាំបច្ចុប្បន្នគឺជាយុវជនជំនាន់មុនដែលបានលះបង់អ្វីៗគ្រប់យ៉ាងនិងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដូចនេះយុវជនត្រូវថែរក្សាសមិទ្ធិផលនិងសន្តិភាព ស្ថេរភាពសង្គមដែលជាកេរ្ត៍តំណែលរបស់ឪពុកម្តាយបានបន្សល់ទុកឲ្យ ដែលទាំងនេះគឺជាសំណាង និងឱកាសសម្រាប់យើងទាំងអស់គ្នាដើម្បីកសាងបន្ថែម ប្រព្រឹត្តអំពើល្អសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ។
លោកថា «សន្តិភាព ស្ថេរភាពសង្គមគឺជាអ្វីៗគ្រប់យ៉ាង បើគ្មានសន្តិភាព ស្ថេរភាពយើងមិនអានធ្វើអ្វីបានឡើយ។ ដូច្នេះយុវជនបក្សត្រូវស្វែងយល់អំពីបក្សនិងស្រឡាញ់បក្សដោយហេតុផលសំខាន់ៗរួមមាន ភាពចាស់ទុំខាងនយោបាយ ស្នាដៃជាច្រើនរបស់បក្ស មានថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវនិងបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ការធ្វើរកំណែទម្រង់រដ្ឋបាលសាធារណៈ ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការជាដើម»។