(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពកូនស្រី និងចៅស្រីជាច្រើនសន្លឹក ពេលដែលពួកគាត់កំពុងធ្វើសកម្មភាពមនុស្សធម៌នៅលើកោះរ៉ុង។
ជាមួយការបង្ហាញសកម្មមនុស្សធម៌របស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន្ត និងកូនស្រី សម្តេចតេជោ បានគូសរំលេចថា សកម្មភាព គឺជាការបន្តមរតកមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាម្តាយ និងជីដូននោះ។
សូមបញ្ជាក់ថា នៅថ្ងៃចុងសប្តាហ៍នេះ លោកស្រី ហ៊ុន ម៉ាណា បានដឹកដៃកូនស្រីរបស់ខ្លួនចុះធ្វើសកម្មភាពមនុស្សធម៌មួយចំនួននៅលើកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ។ សកម្មភាពមនុស្សធម៌នោះ គឺការចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋសចំនួន១៤៩៨នាក់ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ មុននឹងពិនិត្យព្យាបាល ។ ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៣៥០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១៤៩៨នាក់ រួមមាន: ការវះកាត់តូច ចំនួន៣២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៤៦នាក់, ពិនិត្យជំងឺទូទៅចំនួន៦៣០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន០៦នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២០០នាក់, ផ្នែកត្រចៀកច្រមុះបំពង់ក ចំនួន៣៤,
ចែកថ្នាំទំលាក់ដង្កូវពោះវៀន ១៣០នាក់ , ចែកវ៉ែនតាចំនួន៣៥០នាក់,ចែកកាតាប និងសម្ភារៈសិក្សាដ៏សិក្សានៅសិស្សចំនួន ៣៩០នាក់,ចែករទេះជនពិការចំនួន១០គ្រឿង,កញ្ចប់ឃីតអំណោយសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៤០០នាក់, និងអប់រំសុខភាពដល់ប្រជាជនចំនួន៦០០នាក់៕