(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាព បានទទួលស្គាល់ថា នៅកម្ពុជាមានប្រជាពលរដ្ឋរស់ក្រោមបន្ទាត់ក្រីក្រ ប៉ុន្តែរាជរដ្ឋាភិបាលមិនដែលបោះបង់ពួកគេនោះឡើយ ហើយតែងផ្តល់កិច្ចអន្តរាគមន៍ជាប់ជានិច្ច ដើម្បីជួយដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរបស់ពួកគេ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញសម្ពោធផលនៅក្នុងវត្តមួយនៅខេត្តតាកែវ នាពេលថ្មីៗនេះ។ ការលើកឡើងរបស់លោកបណ្ឌិត ជាការឆ្លើយតបទៅនឹងក្រុមអ្នករិះគន់ នៅក្រៅប្រទេសមួយចំនួន ដែលបានចោទរាជរដ្ឋាភិបាលថា មិនយកចិត្តទុកដាក់លើពលរដ្ឋមានជីវភាពក្រីក្រ។
ឆ្លើយតបការរិះគន់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមអ្នករិះគន់វិញថា តើប្រទេសណាមួយមិនមានប្រជាពលរដ្ឋភាពក្រីក្រ? ទន្ទឹមនឹងការចោទសំណួរនេះឡើយង បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាពីអាមេរិក និងអង់គ្លេសរូបនេះ ក៏បានលើកបង្ហាញស្ថិតិពលរដ្ឋក្រីក្រីនៅបណ្តាប្រទេសមហាអំណាចមួយចំនួនមកបង្ហាញផងដែរ។
យោងទៅលើការស្រាវជ្រាវរបស់ខ្លួន លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរកឃើញថា នៅប្រទេសបារាំង មានប្រជាពលរដ្ឋអត់លំនៅឋានប្រមាណ ៣០ម៉ឺននាក់, នៅអង់គ្លេស មានពលរដ្ឋអត់លំនៅឋានជិត ២៣ម៉ឺននាក់ និងនៅអាមេរិក មានពលរដ្ឋអត់មានលំនៅឋានប្រមាណ ៥៥ម៉ឺននាក់។
បើទោះបីជាយ៉ាងណាក៏ដោយចុះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ថា នៅកម្ពុជានៅមានពលរដ្ឋរស់ នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែអត្រាពលរដ្ឋរស់ក្រោមបន្ទាត់នៃភាពក្រីក្រ មិនខ្ពស់ទៀតនោះឡើយ។ នៅទសវត្សរ៍៩០ ប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់ ភាពក្រីក្រមានរហូតដល់ទៅជិត ៤០ភាគរយ ប៉ុន្តែបច្ចុប្បន្នមានប្រមាណ ១៧ភាគរយប៉ុណ្ណោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញពីកិច្ចអន្តរាគមន៍មួយចំនួន ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្រោមបន្ទាត់ក្រីក្រនេះផងដែរ។ កិច្ចអន្តរាគមន៍នោះ មានដូចជាការដាក់ចេញគោលនយោបាយគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមធម៌ ដែលតាមរយៈបណ្ណសមធម៌នេះ មានការឧបត្ថម្ភថវិកាប្រចាំខែ និងផ្តល់សេវាព្យាបាលជំងឺដោយមិនគិតសេវា នៅតាមពេទ្យរដ្ឋជាដើម។ បន្ថែមពីលើនោះនៅពេលពលរដ្ឋជួបការលំបាក ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ជួយទ្រទ្រង់ជីវភាពពលរដ្ឋដែលក្រីក្រ។
ក្រៅពីនោះនៅពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋប្រឈមហានិភ័យដោយសារវិបត្តិអតិផរណាថែមទៀតផង។
«ហ្នឹងហើយអ្នកដែលក្រីក្រលំបាក រាជរដ្ឋាភិបាលជួយផ្ទាល់អ៊ីចឹង។ ប៉ុន្តែប្រទេសណាក៏ដោយ រដ្ឋមិនអាចជួយពលរដ្ឋទាំងអស់ ហើយជួយរហូតនោះទេ។ គោលដៅសំខាន់បំផុត គឺត្រូវជួយគាត់ឱ្យរឹងដៃរឹងជើងដោយខ្លួនឯងក្នុងរយៈពេលវែង ទើបមានចេរភាព។ ត្រីក៏ឱ្យ ប៉ុន្តែត្រូវបង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយពលរដ្ឋអាចម្ចាស់ការលើការ កសាងជីវភាពដោយខ្លួនឯង ហើយមានជីវភាពកាន់តែល្អប្រសើរនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រឹងប្រែងបង្កើតសមត្ថភាពជូនពួកគាត់តាមរយៈនយោបាយអប់រំ ដោយបង្កើតសាលារៀនកាន់តែច្រើន និងកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែច្រើន និងកាន់តែខ្ពស់។
ក្រៅពីជំរុញការបណ្តុះបណ្តាល និងការអប់រំហើយនោះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់គាំពារលើសុខមាលភាពសាធារណៈ ដោយជំរុញមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងពេទ្យបង្អែកកាន់តែច្រើនទៅតាមទីជនបទ។
បន្ថែមពីលើនេះរាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ដើម្បីដល់ការធ្វើដំណើរ និងប្រកបរបរជីវិត។ លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងបង្កើតការងារឱ្យកាន់តែច្រើនសម្រាប់ពលរដ្ឋ ដោយមិនពឹងផ្អែកតែលើរបរកសិកម្មដូចអតីតកាលទៀតនោះឡើយ។
ជាមួយនឹងការលើកបង្ហាញពីកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេដឹកនាំបន្តវេនដែលកំពុងបង្ហាញវត្តមាន តាមវេទិកាសាធារណៈស្ទើរមិនលស់ថ្ងៃរូបនេះ ក៏បានចោទសួរទៅប្រជាពលរដ្ឋវ័យចំណាស់ថា តើមានសម័យណា ដែលមានផ្លូវ ទឹក និងបណ្តាញអគ្គិសនីប្រើប្រាស់ដល់ទីជនបទដូចក្នុង សម័យរបស់សម្តេចតេជោ?
លោកបណ្ឌិត ក៏បានចោទសួរទៀតថា តើកម្ពុជានៅក្នុងសម័យណា ដែលមានការរីកចម្រើនដូចក្នុងសម័យសម្តេចតេជោ?