(ភ្នំពេញ)៖ ក្រោយចុះពីលើយន្តហោះនៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម ថ្នាក់ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានមើលឃើញ និងកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើវិស័យទេសចរកម្ពុជា ថាពិតមានរីកចម្រើនយ៉ាងឆាប់រហ័ស លើសពីការស្មាន។
គណៈប្រតិភូនេះ ដឹកនាំដោយលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ដែលបានមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទឹកដីអង្គរខេត្តសៀមរាប និងធ្វើទស្សនៈកិច្ចនៅរាជធានីភ្នំពេញរយៈពេល៥ថ្ងៃទៀត ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីផ្តល់ជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រកាសទទួលស្គាល់ «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមសម្រាប់ឆ្នាំ២០១៦» ផងដែរ។
លោក Anton Caragea បានស្ញើចសរសើរថា បន្ទាប់ពីលោក បានឈានជើងដល់ទឹកដីកម្ពុជាភ្លាម លោកកបានមើលឃើញច្បាស់ថា កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកដឹកនាំដ៏ឈ្លាសវៃបំផុត ក្នុងការដឹកនាំអភិវឌ្ឍលើគ្រប់វិស័យ ពិសេសបានដឹកនាំការអភិវឌ្ឍវិស័យទេសចរពីចំណុចសូន្យរហូតឈានដល់ចំណុចកំពូល ដែលពិភពលោកទទួលស្គាល់គ្រប់ប្រទេស ទើបគណៈប្រតិភូដែលតំណាងឱ្យសហភាពអឺរ៉ុបមកនេះ ដើម្បីផ្តល់ជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើការប្រកាសទទួលស្គាល់កម្ពុជាជាគោលដៅវប្បធម៌ពេញនិយម សម្រាប់ឆ្នាំ២០១៦។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានទទួលស្វាគមន៍គណៈប្រតិភូសហភាពអឺរ៉ុបយ៉ាងកក់ក្ដៅ ហើយបានឆ្លើយតបថា នេះជាមោទនភាពធំធេងមួយទៀត សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល បន្ទាប់ពីកម្ពុជាបានទទួលជ័យលាភីពានរង្វាន់ថ្មីៗ ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរទេសចរណ៍ TripAdvisor ដែលទីក្រុងសៀមរាបបានឈ្នះជាគោលដៅទេសចរណ៍ល្អបំផុតក្នុងអាស៊ី សម្រាប់ឆ្នាំ២០១៦ និងប្រាសាទអង្គរវត្តបានឈ្នះជាប្រាសាទល្អបំផុតក្នុងអាស៊ី សម្រាប់ឆ្នាំ២០១៦។
សូមជម្រាបថា ជ័យលាភីពានរង្វាន់ កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦ ដែលនឹងប្រគល់ដោយក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុបនេះ នឹងរៀបចំធ្វើពិធីទទួលជាផ្លូវការនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
សូមរំលឹកថា ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើង នៅពីឆ្នាំ២០០៥ ដោយមានសមាជិកមកពីប្រទេសទាំង២៧ក្នុងសហគមន៍អឺរ៉ុប។ ក្រុមប្រឹក្សានេះគឺជាស្ថាប័នចាស់ជាងគេ និងមានសារសំខាន់ក្នុងសហគមន៍អឺរ៉ុប ដែលមានជំនាញលើវិស័យស្រាវជ្រាវ និងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងមានទីផ្សារអតិថិជនរហូតដល់៨០០លាននាក់ ទូទាំងសហគមន៍អឺរ៉ុប៕