(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សម្តេចនឹងដឹកនាំគណៈប្រតិភូខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ហើយនៅថ្ងៃទី១៣ សម្តេចនឹងទៅកាន់ទីក្រុងប៉ារីស ដើម្បីជួបពិក្សាការងារជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។

ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «សូមជម្រាបបងប្អូនជនរួមជាតិឱ្យបានជ្រាបថា នៅយប់ស្អែកនេះ ខ្ញុំនឹងលាបងប្អូន មួយរយៈទៅកាន់ទ្វីបអឺរ៉ុប ដែលនៅទីនោះខ្ញុំប្រមើល៍ មើលឃើញថា ប្រធានបទពិភាក្សាទាក់ទងនឹងបញ្ហាសន្តិភាព វាជាប្រធានបទដ៏ធំ ហើយខ្ញុំក៏មានទស្សនកិច្ចការងារ នៅថ្ងៃទី១៣ ខែធ្នូនេះ ទៅប្រទេសបារាំង ហើយនៅទីនោះក្រៅពីជំនួបពិភាក្សា និងបាយការងារជាមួយប្រធានាធិបតីបារាំង ម៉ាក្រុង ខ្ញុំក៏នឹងចូលរួមសន្និសីទអន្តរជាតិមួយស្តីអំពី សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន»

ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា សម្តេចអញ្ជើញចេញពីទ្វីបអាស៉ី នាំប្រេងទៅចាក់លើភ្លើងនៅក្នុងទ្វីបអឺរ៉ុបនោះទេ។ សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែលនៅទៅនោះធ្លាប់តែមានសន្តិភាព។

គួរឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕