មីយ៉ាន់ម៉ារកចំណូលបាន២១៣លានដុល្លារក្នុងមួយឆ្នាំ ពីការកាប់ឈើលក់, រដ្ឋាភិបាលថ្មីត្រៀមកាត់បន្ថយការនាំឈើចេញ
19-06-2016 11:23
(រ៉ង់ហ្គូន)៖ ប្រាក់ចំណូលបានមកពីផលិតផលព្រៃឈើរបស់ប្រទេសមីយ៉ាន់បាន បានកើនឡើងដល់ ២១៣លានដុល្លារសហរដ្ឋអាមេរិក គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០១៥ ដល់ពាក់កណ្តាលឆ្នាំ ២០១៦ នេះ។ នេះបើតាមការចេញផ្សាយ ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា។
សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេចាត់ជាទីកន្លែងកែឆ្នៃ និងលក់ផលិត ពីឈើធំជាងគេ ជាពិសេសនោះ គឺឈើដែលមានគុណភាពខ្ពស់ដូចជា ម៉ៃស័ក ជាដើម។ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៦ នេះទៅ រដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមកាត់បន្ថយ ការកាប់ព្រៃឈើមកកែច្នៃលក់ ទៅបរទេសដើម្បី រក្សាគំរបបៃតងនៅក្នុងប្រទេសអាស៊ានមួយនេះឡើងវិញ។
គួរបញ្ជាក់ថា ការហាមឃាត់នាំចេញឈើកម្រនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ចេញកាលពីឆ្នាំ ២០១៤ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពនោះទេ។ តាមរបាយការណ៍ពីក្រសួងបរិស្ថានមីយ៉ាន់ម៉ា កាលពីឆ្នាំ ១៩៩០ ប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើ ៥៧ភាគរយ ប៉ុន្តែមកដល់ឆ្នាំ ២០១៥ គំរបបៃតងនេះនៅសល់តែ ៤៥ភាគរយប៉ុណ្ណោះ៕