(ភ្នំពេញ)៖ លោក មីឆែល ប៊ូសូល ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានថ្លែងបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

ការថ្លែងកោតសរសើររបស់លោក មីឆែល ប៊ូសូល បានធ្វើឡើងក្នុងពេលរូបលោកដឹកនាំគណៈប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងពេលកម្ពុជាជួបការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិជាង ៣០០លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ រៀបចំសណ្តាប់ធ្នាប់ឆ្នេរ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។

ការប្រែក្លាយវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ទៅជាឱកាសកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង និងទាក់ទាញនេះ ត្រូវបានប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកចាត់ទុកជាគំរូមួយសម្រាប់បណ្តាប្រទេសសមាជិកក្លឹបដទៃទៀត។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបយ៉ាងដូច្នេះ «អ្វីជាគំរូ ដែលគណៈប្រតិភូបានកត់សម្គាល់ឃើញនោះ គឺសម្តេចតេជោ បានប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ឱ្យទៅជាឱកាស និងសក្តានុពល ដោយចាប់ឱកាសពេលកូវីដ១៩ កំពុងរាតត្បាត ទៅកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអរទីក្រុងធ្វើឱ្យចរាចរណ៍បានល្អប្រសើរ ហើយភ្លើងភ្លឺចិញ្ចាច ដែលអាចនិយាយបានថា ក្រុងព្រះសីហនុជាទីក្រុងដ៏ចិញ្ចែងចិញ្ចាច និងស្រស់បំព្រង»

បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ គណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ លើការគ្រប់គ្រងទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ រហូតដល់ទទួលបាជោគជ័យ បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសការរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិនានា ដោយផ្ទាល់ទាំងនៅរាជធានីភ្នំពេញ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅក្នុងខេត្តព្រះសីហនុជាដើម។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា កូវីដ១៩ បាននាំមកនូវផលលំបាក តែកម្ពុជាគ្រប់គ្រងបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានជួយអាយុជីវិតមនុស្សប្រមាណ ៤ពាន់នាក់ មកពី ៧០ប្រទេស ដែលជាប់លើនាវាវេស្ទើដាម មិនមានកន្លែងចូលចត។

ដោយជំនួបធ្វើឡើងនៅថ្ងៃនេះ ចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ សម្តេចតេជោ ក៏បានឆ្លៀតគូសរំលេចពីគុណតម្លៃ និងភាពជាប់ទាក់ទងគ្នារវាងសុខសន្តិភាព និងការគោរពសិទ្ធិនានាផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា បើគ្មានសុខសន្តិភាព សូម្បីជីវិតអ្នកលើនាវាវេស្ទើដាម ក៏មិនដឹងទៅជាយ៉ាងណាដែរ? ក្នុងន័យនេះ សន្តិភាព បានផ្តល់នូវការរស់រៀនមានជីវិត និងសិទ្ធិដទៃទៀត។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្តើមចេញពីសន្តិភាព ទើបមានការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំបុណ្យសមុទ្រប្រចាំឆ្នាំ តាមខេត្តមានឆ្នេរសមុទ្រ៕

នៅក្នុងជំនួបនេះ លោក មីឆែល ប៊ូសូល ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ក៏បានបង្ហាញសេចក្តីរីករាយចំពោះវត្តមានសម្តេចតេជោ ដែលអញ្ជើញទៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៉ិក។

លោកបានចាត់ទុកវត្តមានសម្តេចតេជោ គឺជាវត្តមានដ៏មានសារៈសំខាន់ក្នុងការពិភាក្សាពីការស្វែងរកសន្តិភាព ដែលជាតម្រូវការចាំបាច់របស់ប្រទេសនៅអឺរ៉ុប ជាពិសេសនៅប្រទេសអ៊ុយក្រែន៕