(ភ្នំពេញ)៖ បន្ទាប់ពីចុះសំណេះសំណាលជាមួយ ប្រជាពលរដ្ឋមួយចំនួននៅខេត្តកោះកុងរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា ជីវភាពប្រជាជននៅខេត្តកោះកុងពេលនេះមានលក្ខណៈល្អប្រសើរ ហើយថាសម្តេចត្រេកអរណាស់ដែលពលរដ្ឋមានជីវភាពធូរធារបែបនេះ។
នៅលើបណ្តាញសង្គម Facebook នាថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ បានសរសេរថា «ខ្ញុំសប្បាយរីករាយណាស់ ដែលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារភូមិថ្មី ដែលស្ថិតនៅក្នុង ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រមទាំងបានថតរូប Selfie ជាអនុស្សាវរីយ៌យ៉ាងសប្បាយរីករាយជាមួយពួកគាត់ទៀតផង»។
សម្តេចបានបន្ថែមថា «កោះកុងដែលខ្ញុំធ្លាប់មកនាទសវត្ស១៩៨០ និងមកជាបន្តបន្ទាប់ គឺខុសគ្នាឆ្ងាយណាស់ទាំងសន្តិភាពអត់សង្គ្រាមទាំងផ្លូវសា្ពន សាលារៀន មន្ទីរពេទ្យ ជីវភាពនៃគ្រួសារនិមួយៗ និងមូលដ្ឋានផលិតកម្ម ជារោងចក្រសហគ្រាស និង ផ្សារលក់ដូរ។ល។ ខ្ញុំត្រេកអរដែល បានឃើញបងបង្អូនខិតខំប្រឹងប្រែងមានមុខរបរចិញ្ចឹមជីវិតកាន់តែធូរធារប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានទៅដល់ខេត្តកោះកុងតាំងពីម្សិលមិញ ដើម្បីចូលគោរពវិញ្ញាណក្ខន្ធ លោកតា សាយ ភូថង ដែលរៀបចំនៅប្រទេសថៃ ខេត្តជាប់ព្រំដែនកម្ពុជា។ អំឡុងពេលនេះ នៅខេត្តកោះកុងម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើន ក្នុងនោះសម្តេចក៏បានជិះម៉ូតូឌុបនៅលើស្ពានខេត្តកោះកុង ព្រមទាំងឧបត្ថម្ភដល់ម្ចាស់ម៉ូតូឌុបនោះចំនួន១ពាន់ដុល្លារផងដែរ៕