(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៨ចំណុច ដើម្បីចូលរួមដល់កិច្ចពិភាក្សា ក្នុងអង្គមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។

ការផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៨ចំណុចនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីចូលរួមដល់កិច្ចពិភាក្សាក្នុងអង្គមហាសន្និបាតលើកទី១៦នេះ ក៏ដូចជារួមចំណែកដល់ការគ្រប់គ្រង និង អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាព និង ការទទួលខុសត្រូវ សម្ដេចសូមលើកឡើងនូវអនុសាសន៍គន្លឹះចំនួន៨ចំណុច ដូចខាងក្រោម៖

ទី១៖ ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ។

ទី២៖ កម្ពុជា ប្តេជ្ញារក្សាឲ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង៤ ក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវាត់ និង កិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ។ យើងត្រូវប្ដេជ្ញាធ្វើឲ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

* ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ភៃ និង ជាតំបន់សេដ្ឋកិច្ចពហុបំណង»,
* ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត»,
* ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ», និង
* ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»

ទី៣៖ ខ្ញុំស្នើឲ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ, ពិភាក្សា និង ផ្លាស់ប្ដូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ថ្ងៃទី ២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង ៤ ។

ទី៤៖ ខ្ញុំសូមស្នើឲ្យក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឲ្យលោកប្រធានក្លឹប និង សមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន ។

ទី៥៖ ខ្ញុំសូមស្នើឲ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សិក្សារៀបចំឲ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។

ទី៦៖ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឲ្យមានកន្លែងបំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និង មួយទៀតនៅក្រុងព្រះសីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏ស្វាគមន៍ផងដែរចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ ២០២៣ ឬ ពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។

ទី៧៖ ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត, កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោក ប៊្រូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និង សូមឲ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ ឯកឧត្ដម ល្វីស ធើបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់។

ទី៨៖ ជាមួយក្តីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តដាក់ចេញនូវ ធម្មនុញ្ញឆ្នេរ (Charter of Bay), ខ្ញុំសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។

សូមជម្រាបថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការ នៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕