(ព្រះសីហនុ)៖ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជាមួយមន្ត្រីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមស្តុបគោលដៅនានា ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការណែនាំពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឲ្យមន្ត្រីសាខាដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហម ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមភ្លើងស្តុប ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

ការងារនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលការកកស្ទះចរាចរណ៍ និងផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវនានា ដើម្បីចូលរួមទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ទន្ទឹមនោះយុវជនស្ម័គ្រចិត្តកាកបាទក្រហម ក៏បានចែកខិតប័ណ្ណ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ឲ្យកាន់តែយល់ច្បាសអំពីច្បាប់ចរាចរណ៍។ ជាពិសេស សាខាកាកបាទក្រហម ក៏បានធ្វើការបោះតង់ជួយសង្គ្រោះបឋមជូនប្រជាពលរដ្ឋនៅទីលានតេជោ (ពយតាមូង) ក្នុងឱកាសពិធីបុណ្យសមុទ្រផងដែរ។

នាយកសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឲ្យមានពិការភាព ឬស្លាប់ និងខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ៕