(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋឃុំស្រែក្រសាំង ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងមាតា បិតាសិស្សនាំគ្នាបរិច្ចាគថវិកាសាងសង់សាលាមត្តេយ្យកុមារ នៅក្នុងឃុំដើម្បីលើកស្ទួយវិស័យអប់រំ គាំទ្រដល់ការបណ្ដុះបណ្ដាលកូនតូចៗ ឲ្យមានចំណេះដឹងចាប់ពីវ័យកុមារភាពឡើងទៅ។
លោក អ៊ាង សំអូន មេឃុំស្រែក្រសាំង បានឲ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះថា ការសាមគ្គីគ្នាជាធនធានពិតជាមានតម្លៃ សម្រាប់នាំយកមកសាងសង់សាលាមត្តេយ្យសិក្សាមួយនេះ ព្រោះបានទ្រទ្រង់វិស័យអប់រំ ឲ្យរីកចម្រើននៅក្នុងមូលដ្ឋាន និងមានទីតាំងមួយប្រកបដោយសុវត្ថិភាព សម្រាប់កុមារតូចមករៀន។
លោកបន្តថា សាលារៀននេះបានសាងសង់ឡើងទៅតាមស្តង់ដាធ្វើពីបេតុងប្រក់ដែក សង្កសី នៅក្នុងបរិវេនសាលាបឋមសិក្សាស្រែក្រសាំង មានចម្ងាយពីភូមិតែជាង៣០០ម៉ែត្រតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋនៅពេលបើកបវរសនកាលវិញ ត្រូវនាំកូនមកចុះឈ្មោះចូលរៀន ដើម្បីបណ្ដុះចំណេះដឹងដល់កូនចៅឲ្យបានល្អ។
ដោយឡែក លោកស្រី ប៉ែន ស៊ីណា អភិបាលរងស្រុកសៀមបូក ក៏បានបង្ហាញនូវការគាំទ្រ ក្នុងដំណើរការសាងសង់សាលាមត្តេយ្យនេះឡើង ព្រោះវាជាគ្រឹះស្ថានសិក្សាមួយជំរុញឲ្យមានការរីកចម្រើន មកដល់ទីជនបទ ហើយកូនចៅប្រជាពលរដ្ឋបានមករៀនមានសុវត្ថិភាព ហេតុដូច្នេះហើយគឺជាទំនុកចិត្តមួយដល់មាតា បិតាសិស្ស នៅក្នុងការបញ្ជូនកូនគាត់ឲ្យមករៀន គឺគាត់មានភាពកក់ក្តៅ។
សម្រាប់លោកស្រី ពេញ សាវេន ដែលជាតំណាងប្រជាពលរដ្ឋនៅឃុំស្រែក្រសាំង បានសម្ដែងនូវការសាទរដល់អាជ្ញាធរស្រុក ឃុំ ដែលបានផ្តួចផ្តើមគំនិតរៀបចំឲ្យមានសាលាមត្តេយ្យនៅក្នុងឃុំជិតផ្ទះ ព្រោះពេលបានកូនតូចមកសាលារៀនរួចផុតពីក្តីបារម្ភ និងមានពេលវេលាសម្រាប់ធ្វើការងារផង។
លោកស្រី ស អិត គ្រូបង្រៀនកុមាមត្តេយ្យ បានលើកឡើងដែរថា ពេលមាតា បិតាបានយល់ដឹងបែបនេះ បង្ហាញពីការចូលរួមជំរុញឲ្យកូនចៅមានចំណេះដឹង ហើយលោកគ្រូ អ្នកគ្រូ ក៏ខិតខំបង្រៀនដែរ។
សូមជម្រាបថា សាលាមត្តេយ្យសិក្សានេះ មានចំនួន២បន្ទប់ បណ្តោយ១៤ម៉ែត្រ ទទឹង៧ម៉ែត្រ បច្ចុប្បន្នសាសង់សម្រាចបានលទ្ធផល៨៥ភាគរយ។ សម្រាប់ថវិកាដែលត្រូវចំណាយប្រមាណ២ម៉ឺនដុល្លារ បានមកពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងមានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានាផងដែរ៕