(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍ ចំពោះកិច្ចសហការល្អនិងការគាំទ្ររបស់ទីភ្នាក់ងារ KOICA នាពេលកន្លងមក។
លើសពីនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការងារវិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលត្រូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថលទៅដល់ឃុំសង្កាត់ ការរៀបចំនិម្មាបនកម្មសហគ្រាសសម្រាប់រដ្ឋាភិបាល និងការជំរុញរៀបចំវិបផតថលថ្នាក់ជាតិ ដែលចង្អុលបង្ហាញនៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
លោករដ្ឋមន្ត្រីក៏បានស្នើសុំភាគីកូរ៉េ ជួយគាំទ្រលើការបញ្ចប់ការរៀបចំវិបផតថលថ្នាក់ជាតិ ដែលតភ្ជាប់ទៅគ្រប់ក្រសួងស្ថាប័ន សម្រាប់បម្រើសេវាសាធារណៈអនឡាញ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតប លោក Rho Hyunjun បានសម្តែងនូវការសាទរ និងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការគាំទ្រការរៀបចំវិបផតថលថ្នាក់ជាតិ តាមរយៈការបញ្ជូនអ្នកជំនាញ មកផ្ដល់ធាតុចូលបន្ថែម និងលទ្ធភាពគាំទ្ររបស់ KOICA លើការងារនេះផងដែរ៕