(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (កយកា-KOICA) បានជួយជាថវិកាសរុបជាង ៣០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍនានានៅកម្ពុជា ជាពិសេសវិស័យសុខភាពសាធារណៈ។
ទំហំថវិកាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លើការអភិវឌ្ឍនៅកម្ពុជានេះ ត្រូវបានបញ្ជាក់ដោយលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា ក្នុង «សន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។
«សន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ២០២២»នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមគិលានុបដ្ឋាកកម្ពុជា (CAN) បានរៀបចំសន្និបាតនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា និង លោកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា។
សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមទាំងតំណាងក្រសួងសុខាភិបាល កយកា-KOICA ព្រមទាំងតំណាងប្រធានគិលានុបដ្ឋាកមកពីមន្ទីរពេទ្យខេត្តទាំង២៥ និងមន្ទីរពេទ្យជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។
សន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ អបអរសាទរសមិទ្ធិផលសំខាន់ៗរបស់ សមាគមគិលានុបដ្ឋាកកម្ពុជាពីឆ្នាំ២០១៩-២០២២
២៖ បន្តផ្តល់នូវការអភិវឌ្ឍន៍វិជ្ជាជីវៈ ដែលផ្តោតទៅលើ ការលើកកម្ពស់ការថែទាំដោយផ្តោតទៅលើអតិថិជន និងអ្នកជំងឺ
៣៖ លើកទឹកចិត្តគិលានុបដ្ឋាកពីការអនុវត្តគោលគំនិតនៃការអនុវត្ត ការលើកកម្ពស់ការថែទាំដោយផ្តោតទៅលើអតិថិជន និងអ្នកជំងឺ
៤៖ ចែករំលែកការអភិវឌ្ឍន៍អង្គភាពគិលានុបដ្ឋាក និងគម្រោងត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង
៥៖ ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន របស់ សមាគមគិលានុបដ្ឋាកកម្ពុជាអណ្ណត្តិថ្មី
៦៖ ពង្រឹងបណ្តាញវិជ្ជាជីវៈរបស់គិលានុបដ្ឋាកទូទាំងប្រទេសកម្ពុជា។
លោក នោ ហ្យន់ជូន បានថ្លែងថា KOICA បាននិងកំពុងផ្តល់គម្រោង និងកម្មវិធីជាច្រើនក្នុងវិស័យគ្រប់គ្រងធនធានទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន ដែលមានតម្លៃប្រហែល ៣៣៦.៧លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២។
លោកបន្តថា ក្នុងចំណោមគម្រោង និងកម្មវិធីទាំងនោះ វិស័យអាទិភាពរបស់ កយកា-KOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ពីព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។
លោក ក៏បានគូសបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២នេះ KOICA មានគម្រោងសាងសង់អគារមួយទៀតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ហើយ KOICA បានពិចារណាសាងសង់អគារមួយបន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែកដង្កោចាប់ពីឆ្នាំ២០២៤តទៅ។
គួររំលឹកថា ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ KOICA ក្នុងការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពសាធារណៈ KOICA បានសាងសង់អគារចំនួន៣ នៃមន្ទីរពេទ្យជាតិចំនួនពីរ រួមមាន៖ ១)អគារមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និង ២) អគារភ្នែក និង អគារត្រចៀកច្រមុះបំពង់កនៅមន្ទីរពេទ្យព្រះអង្គឌួង និងអគារមន្ទីរពេទ្យបង្អែកខេត្តចំនួន៣ រួមមាន ១) មន្ទីរពេទ្យមាតា និងទារកក្នុងមន្ទីរពេទ្យខេត្តសៀមរាប ២) មន្ទីរពេទ្យបង្អែកបាធាយ និង ៣)មន្ទីរពេទ្យមិត្តភាពកម្ពុជា-កូរ៉េ កំពង់ឆ្នាំង និងក៏បានសាងសង់មណ្ឌលសុខភាពមាតានិងទារកចំនួន៥ នៅខេត្តមណ្ឌលគិរី និងរតនគិរី។
ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះ KOICA រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភផ្នែកបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាលកម្ពុជា៕