(ភ្នំពេញ)៖​ បុរស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត Mazda មួយគ្រឿង ដែលបើកឆ្លងផ្លូវ យ៉ាងពេញទំហឹង​ ហើយហេតុការណ៌នេះ បានកើតឡើង​ នាម៉ោង២៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦​ ត្រង់​ចំណុចផ្លូវ​ លេខ៥១ កែងនឹងផ្លូវ៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។
 
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា​ នៅម៉ោងខាងលើគេបានឃើញ បុរសរងគ្រោះទាំង២ជិះម៉ូតូមួយគ្រឿង ម៉ាក​ Dream C125​ តាមបណ្តោយផ្លូវលេខ៥១​ ក្នុងល្បឿនយ៉ាងលឿន​ លុះជិះមកដល់ចំណុចកើតហេតុ​ ត្រង់ផ្លូវបំបែកលេខ៣១០​ និង​៥១ ក៏មានរថយន្តមួយគ្រឿងម៉ាក ​Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-2668​ បានមកដល់ដែរ​ ស្រពេលដែលបុរសរងគ្រោះ​ ទាំង២ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿននោះ មិនអាចចាប់ហ្រ្វាំងទាន់ ក៏ជ្រុលទៅបុកចំហៀងរបស់រថយន្ត​ Mazda​ នោះយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសទាំង២ស្លាប់ភ្លាមៗ នៅនឹងកន្លែង​ និងបណ្តាលឲ្យម៉ូតូខូចខាត​ផងដែរ។ ចំណែករថយន្ត​ ត្រូវបានម្ចាស់បើករត់ ទៅបានចម្ងាយជាង២០០ម៉ែត្រ​ ក៏ឈប់រួចរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល​។

 
ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបាន​ សមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ចំណែកសពត្រូវបានប្រពន្ធជងរងគ្រោះរៀបចំ និងដឹកយកទៅធ្វើបុណ្យ​ តាមប្រពៃណីនៅស្រុកកំណើត ឯខេត្តកំពង់ធំ៕