(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំវិបស្សនា ស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ” សម្រាប់បណ្តាសហគ្រាស ឬសាធារណជន ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីលោក លីម ដឺលុច អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់កណ្តាល និងសាខាពន្ធដារខណ្ឌ មន្រ្តីរាជការពន្ធដារ តំណាងសហគ្រាស និងភ្នាក់ងារសេវាកម្មពន្ធដារ ប្រមាណ៥០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានបញ្ជាក់ថា ការរៀបចំកម្មវិធីវិបស្សនានេះ គឺ(១). ការពង្រឹងនូវអភិបាលកិច្ចល្អ (២).ការសិក្សាឈ្វេងយល់ និងការចូលរួមផ្ដល់នូវធាតុចូលយ៉ាងសំខាន់ ពីសាធារណជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត កែលម្អផ្នែកបច្ចេកវិទ្យាព័ត៌មាន ជាពិសេសប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែប្រសើរឡើង ថែមទៀត និង(៣).ការបង្កើតឱ្យមានកម្មវិធីនេះ គឺជាការអនុវត្តនូវការឆ្លុះកញ្ចក់ ដើម្បីស្វែងរកចំណុចត្រូវកែលម្អ និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអភិក្រមការងាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

លោករដ្ឋមន្ត្រីបានលើកឡើងថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោក អគ្គនាយកដ្ឋានពន្ធដារ នៅតែមានលទ្ធភាពប្រមូលចំណូលពន្ធ បានគ្រប់និងលើសផែនការ។ ជាក់ស្ដែង សម្រាប់រយៈពេល១១ខែ ក្នុងឆ្នាំ ២០២២នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៣ ០១៦,៩៣ ប៊ីលានរៀល (ប្រមាណជា ៣ ២១៤,០៦ លានដុល្លារ) ស្មើនឹង ១១៣,៩៩% នៃផែនការប្រចាំឆ្នាំ ពោលគឺបានលើសផែនការ ដែលកំណត់ដោយច្បាប់ក្នុងរង្វង់ប្រមាណ១៤%។

លោកបន្តថា និរន្តរភាពនៃការគ្រប់គ្រងចំណូលពន្ធជាផ្លែផ្កា កើតចេញពីកំណែទម្រង់ទំនើបកម្មរដ្ឋបាលសារពើពន្ធ ទាំងលើ មុខងារស្នូលនិងមុខងារគាំទ្រ និងកើតចេញពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចប្រកបដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់។

លោកបន្តថា កម្មវិធីវិបស្សនានេះ ផ្តល់ឱកាសដល់អ្នកជាប់ពន្ធ និងសាធារណជន បន្តចូលរួមផ្ដល់នូវមតិយោបល់ ឬធាតុចូលនានា ដើម្បីផ្តល់លទ្ធភាពឱ្យអគ្គនាយកដ្ឋានពន្ធដារ អាចកែលម្អនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែល្អប្រសើរ ស្របតាមការពេញចិត្តរបស់អ្នកជាប់ពន្ធ។

លោករដ្ឋមន្ត្រីលើកឡើងថា កំណែទម្រង់ពន្ធដារ គឺសម្រេចឱ្យបានរដ្ឋបាលកិច្ចល្អ និងឈានទៅសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការកែទម្រង់ដ៏ធំមួយ របស់ប្រព័ន្ធពន្ធដារកម្ពុជា គឺការផ្លាស់ប្តូរពីការបំពេញឯកសារប្រកាសពន្ធដោយដៃ ទៅជាការអនុវត្តការប្រកាសពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ អ្នកជាប់ពន្ធអាចស្នើសុំកែតម្រូវលិខិត ប្រកាសតាមអនឡាញបាន ក៏ប៉ុន្តែទិន្នន័យចាស់នឹងនៅតែបន្តរក្សាទុកក្នុងប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

លោកបានបន្ថែមទៀតថា Call-Center 1277 របស់អគ្គនាយកដ្ឋានពន្ធដារ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវបញ្ហា ប្រឈមនិងចម្ងល់នានា របស់អ្នកជាប់ពន្ធ នៅត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដែលយន្តការនេះ បានកាត់បន្ថយនូវការលើកឡើងពីបញ្ហាបច្ចេកទេសមួយចំនួន របស់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងវិស័យពន្ធដារ នៅក្នុងគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ឬគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលកន្លងមក។ លើសពីនេះ នាពេលបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ការទាក់ទងរបស់អ្នក ជាប់ពន្ធតាមរយៈប្រព័ន្ធ Call-Center មានការធ្លាក់ចុះ នាឆ្នាំបន្តបន្ទាប់ ក៏ប៉ុន្តែនេះជាសញ្ញាណល្អសម្រាប់ពន្ធដារ ព្រោះបានបង្ហាញថាការយល់ដឹងរបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិស័យពន្ធដារ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារដំណើរការល្អ។

 បើតាមលោករដ្ឋមន្ត្រី លទ្ធផលនៃការវាយតម្លៃសម្រាប់យោបល់ត្រឡប់របស់អ្នកជាប់ពន្ធ និងអ្នកប្រើប្រាស់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ (លទ្ធផលស្ទង់មតិពីភ្នាក់ងារសេវាកម្មពន្ធដារ សមាគម SME និងអ្នកជាប់ពន្ធ) ឃើញថាប្រព័ន្ធបង់ប្រាក់ពន្ធមានភាពងាយស្រួលជាងមុន ៨៨% ប្រព័ន្ធដាក់លិខិតប្រកាស មានភាពងាយស្រួលជាងមុន ៤៤% និង ប្រព័ន្ធចុះបញ្ជី មានភាពងាយស្រួលជាងមុន ៤៤% ដែរ