(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ» ដោយមានការចូលរួមគាំទ្រពី ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលជាក្រុមហ៊ុនមូលបត្រទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃសាលារៀន វ៉េស្ទឡាញន៍។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការរៀបចំផែនការហិរញ្ញវត្ថុ ជាពិសេសអំពីវិស័យមូលបត្រ និងនីតិវិធីនៃការជួញដូរមូលបត្រដល់សិស្សានុ- សិស្សនៃសាលារៀន វ៉េស្ទឡាញន៍ ដែលជាទំពាំងស្នងឬស្សីដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រ និងសេដ្ឋកិច្ច ជាតិឱ្យកាន់តែរីកចម្រើន។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមធ្វើបទបង្ហាញដោយមន្រ្តីជំនាញនៃ ន.ម.ក. និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្រោមប្រធានបទស្តីពី តើហេតុអ្វីបានជាត្រូវចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ?, ទីផ្សារមូលបត្រ និងអត្ថប្រយោជន៍, តើត្រូវធ្វើដូចម្តេចដើម្បីអាចជួញដូរមូលបត្របាន? និង កិច្ចគាំពារ វិនិយោគិនក្នុងវិស័យមូលបត្រ។

សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ មានអ្នកចូលរួមសរុបចំនួន ១១០ រូប ដែលមានសមាសភាពចូលរួមពីលោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ម.ក. លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សវិទ្យាល័យនៃសាលារៀន វ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក៕